(អាឌែន)៖ អាជ្ញាធររបស់ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែនបានបង្គាប់ឱ្យបុគ្គលិកជាពលរដ្ឋអាមេរិក និងអង់គ្លេស ដែលធ្វើការឱ្យអង្គការសហប្រជាជាតិ និងបណ្ដា អង្គមនុស្សធម៌មានមូលដ្ឋានក្នុងរដ្ឋធានីសាណា (Sanaa) ចាកចេញពីប្រទេសយេម៉ែន ក្នុងរយៈពេលមួយខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើលិខិតមួយច្បាប់ និងមន្ត្រីហ៊ូទីម្នាក់។ យោងតាមលិខិតមួយច្បាប់ដែលផ្ញើទៅកាន់ អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN លោក Peter Hawkins ក្រសួងការបរទេសហ៊ូទីបានគូសបញ្ជាក់ដូច្នេះថា «ក្រសួង...សូមកត់សម្គាល់ថាអ្នកអាចជូន ដំណឹងដល់ក្រុមមន្ត្រី និងបុគ្គលិកជាពលរដ្ឋអាមេរិក និងអង់គ្លេស ឱ្យត្រៀមលក្ខណៈចាកចេញពីប្រទេស (យេម៉ែន) ក្នុងរយៈពេល៣០ថ្ងៃ»។ លិខិតនេះដដែល ក៏បានបង្គាប់ផងដែរដល់បណ្ដាអង្គការអន្តរជាតិនានា កុំឱ្យជួលបុគ្គលិកមានសញ្ជាតិអាមេរិក ឬអង់គ្លេស មកធ្វើការក្នុងប្រទេសយេម៉ែន។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ូទី ធ្វើឡើងបន្ទាប់ពីអាមេរិក និងអង់គ្លេស ដោយមានការគំាទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួន បានដឹកនាំការវាយប្រហារ តាមផ្លូវអាកាសលើគោលដៅយោធាជាច្រើនរបស់ក្រុមហ៊ូទី នៅប្រទេសយេម៉ែន ដើម្បីកំញើញ ក៏ដូចជាកាត់បន្ថយសមត្ថភាពរបស់ចលនាប្រដាប់អាវុធដែលមាន អ៉ីរ៉ង់ជាខ្នងបង្អែកមួយនេះ កុំឱ្យបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងតំបន់សមុទ្រក្រហមដែលពួកគេអះអាងថាមានទំនាក់ទំនងជាមួយអ៉ីស្រាអែល។

មិនតែប៉ុណ្ណោះ កាលពីសប្ដាហ៍មុន រដ្ឋាភិបាលអាមេរិកក៏បានបញ្ចូលក្រុមហ៊ូទី ទៅក្នុងបញ្ជីឈ្មោះក្រុមភេរវករឡើងវិញផងដែរ ស្របពេលទីក្រុងវ៉ាស៊ីនតោន កំពុងទប់ស្កាត់ការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម ពីសំណាក់ក្រុមហ៊ូទីដែលអះអាងថាការវាយប្រហាររបស់ខ្លួនជាការបង្ហាញសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា។ ក្រុមហ៊ូទីបានសន្យាថានឹងបន្តធ្វើការវាយប្រហារ រហូតទាល់តែអ៉ីស្រាអែលបញ្ឈប់សង្រ្គាមក្នុងតំបន់ហ្កាហ្សា៕

រូបភាពពី Reuters