(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករានេះ បាននិយាយថាខ្លួនបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មី កាលពីថ្ងៃពុធម្សិលមិញ ដែលនេះជាការទទួលស្គាល់លើអ្វីដែលយោធាកូរ៉េខាងត្បូងបានអះអាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងទៀតថាមីស៊ីលដែលត្រូវបានធ្វើតេស្ដ មានឈ្មោះថា Pulhwasal-3-31 និងកំពុងស្ថិតនៅក្រោម ការអភិវឌ្ឍ ហើយថាការធ្វើតេស្ដបាញ់មីស៊ីលនេះទៀតសោតមិនបានបង្កផលប៉ះពាល់អ្វីដល់សន្តិសុខរបស់ប្រទេសជិតខាងនោះទេ។

យោធាកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី២៤ ខែមករា បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសគ្រាប់ប៉ុន្មានគ្រាប់ ឆ្ពោះទៅដែនសមុទ្រនៅភាគខាងលិច ឆ្នេរប្រទេសរបស់ខ្លួន។ តាមយោធាកូរ៉េខាងត្បូងបាននិយាយថា មីស៉ីលទាំងនោះ ត្រូវបានបាញ់ចេញកាលពីវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងតំបន់) ហើយការបាញ់ មីស៉ីលគ្រូសរបស់កូរ៉េខាងជើងកើតមានឡើង ស្របពេលដែលអង្គភាពទ័ពពិសេសរបស់យោធាជើងទឹកកូរ៉េខាងត្បូង កំពុងចូលរួមការហ្វឹកហាត់ នៅតំបន់ឆ្នេរភាគខាងកើតក្នុងខេត្ត Gangwon ដែលជាប់ព្រំប្រទល់កូរ៉េខាងជើង សម្រាប់រយៈពេល១០ថ្ងៃ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងទើបតែបានប្រកាសអំពី ការបាញ់តេស្តមីស៉ីលល្បឿនលឿនជាងសំឡេង ដែលប្រើប្រាស់​បច្ចេកវិទ្យា ឥន្ធនៈរឹង និងមានរយៈចម្ងាយមធ្យម ខណៈសកម្មភាពនោះ ត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ កូរ៉េខាងជើងបានធ្វើតេស្តបាញ់ មីស៊ីលគ្រូសដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២១៕

រូបភាពពី KCNA ដោយ Reuters