(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានអ៊ីស្រាអែលកាលពីថ្ងៃអង្គារថា ការបដិសេធរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu នៃដំណោះស្រាយរដ្ឋពីរ នឹងបន្តអូសបន្លាយដោយគ្មានកំណត់នូវជម្លោះដែលគំរាមកំហែង ដល់សន្តិភាពពិភពលោក និងជំរុញក្រុមជ្រុលនិយមនៅគ្រប់ទីកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

នៅក្នុងភាសាដ៏តឹងតែងបំផុតរបស់លោក ទាក់ទងនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះថា «សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការកសាងរដ្ឋឯករាជ្យពេញលេញរបស់ពួកគេ ត្រូវតែត្រូវបានទទួលស្គាល់ដោយទាំងអស់គ្នា ហើយការជំទាស់ចំពោះដំណោះស្រាយនេះដោយភាគីណាមួយ ត្រូវតែបដិសេធយ៉ាងម៉ឺងម៉ាត់»

លោក Guterres ក៏បានព្រមានផងដែរថា ហានិភ័យនៃការកើនឡើងក្នុងតំបន់នៃជម្លោះ «ឥឡូវនេះបានក្លាយជាការពិត» ដោយសំដៅទៅលើស្ថានការណ៍នៅប្រទេសលីបង់ យេម៉ែន ស៊ីរី អ៊ីរ៉ាក់ និងប៉ាគីស្ថាន។ លោក​បាន​ជំរុញ​ភាគី​ទាំង​អស់​ឲ្យ ​«​ថយ​ចេញ​ពី​ជ្រោះមរណៈ​ ហើយ​ពិចារណា​លើ​ការ​ចំណាយ​ដ៏​គួរ​ឲ្យ​រន្ធត់​»​ នៃ​សង្គ្រាម​កាន់តែ​ធំ។

គួរបញ្ជាក់ថា ការបដិសេធរបស់ លោក Netanyahu ពីភាពជារដ្ឋរបស់ប៉ាឡេស្ទីននៅក្នុងសេណារីយ៉ូក្រោយសង្គ្រាម បាននាំឱ្យមានការប្រេះឆាយ៉ាងខ្លាំង ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកដែលនិយាយថា សង្រ្គាមគួរតែនាំឱ្យមានការចរចារសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលអ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចរស់នៅជាមួយគ្នាបានដោយ​សុខ​សាន្ត៕