(មូស្គូ)៖ អាជ្ញាធររុស្ស៉ីបានឱ្យដឹងថា យន្តហោះយោធាប្រភេទដឹកជញ្ជូន១គ្រឿង ធុន IL-76 ដែលផ្ទុកឈ្លើយសឹកជាទាហានអ៊ុយក្រែនចំនួន ៦៥នាក់ បានធ្លាក់នៅតំបន់ Belgorod ភាគខាងលិចប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។
ដោយផ្អែកលើប្រភពពីក្រសួងការពារជាតិរុស្ស៉ី ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA-Novosti បានរាយការណ៍ថា «កាលពីវេលាម៉ោងប្រហែលជា១១នាទីព្រឹក (ម៉ោងក្នុងតំបន់កើតហេតុ) នាថ្ងៃពុធនេះ យន្តហោះយោធាធុន IL-76 ១គ្រឿង បានធ្លាក់នៅតំបន់ Belgorod។ នៅលើយន្តហោះនោះ រួមមានទាហានអ៊ុយក្រែន៦៥នាក់ ដែលជាអ្នកទោសសង្រ្គាម និងស្ថិតក្នុងការដឹកជញ្ជូនទៅកាន់តំបន់ Belgorod ដើម្បីត្រៀមសម្រាប់ការដោះដូរ ព្រមទាំងបុគ្គលិកយន្តហោះ៦នាក់ និងឆ្មាំអមដំណើរឈ្លើយសឹកទាំងនោះ ចំនួន៣នាក់»។ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយថា នាពេលនេះ ក្រុមអ្នកស៉ើបអង្កេត និងក្រុមភ្នាក់ងារសេវាឆ្លើយតបបន្ទាន់ កំពុងធ្វើការនៅកន្លែងធ្លាក់យន្តហោះនោះ។
គួរបញ្ជាក់ថា ភ្លាមៗនេះ មិនទាន់មានការបញ្ចេញប្រតិកម្មផ្លូវការណាមួយ ពីទីក្រុងកៀវនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ុយក្រែន ដោយផ្អែកលើប្រភពពីកងកម្លាំងការពារជាតិអ៊ុយក្រែន បានរាយការណ៍ថា យោធាអ៊ុយក្រែនជាអ្នកបាញ់ទម្លាក់យន្តហោះរុស្ស៉ីខាងលើ និងអះអាងថា យន្តហោះនោះដឹកជញ្ជូនមីស៉ីល៕
រូបភាពពី Reuters