(ប៉េកាំង)៖ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិននៅថ្ងៃទី ២៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា លោក Liu Guozhong តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធនិងកិច្ចប្រជុំកំពូលទី ៣ នៃ "សកលខាងត្បូង" ព្រមទាំងថ្លែងសុន្ទរកថា។

លោកឧបនាយករដ្ឋមន្ត្រី Liu Guozhong បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែរួមសុខរួមទុក្ខ និងរួមវាសនាជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ហើយរីករាយរួមសហការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ដោយចាត់ទុកការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិជាទិសដៅណែនាំ ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ក៏ដូចជារួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ក្នុងន័យអនុវត្តជាក់ស្តែងនូវតម្លៃរួមរបស់មនុស្សជាតិទាំងមូល។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុត ជាដៃគូនៃចលនាមិនចូលបក្សសម្ព័ន្ធ និងជាសមាជិកនៃ "សកលខាងត្បូង" ប្រទេសចិននឹងឈរនៅជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ជាពិសេសគឺ ប្រទេសតូចនិងមធ្យមដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍរួមនៃប្រទេស"សកលខាងត្បូង"៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន