(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ចិននិងណូរូ (Nauru) បានបង្កើតទំនាក់ទនងការទូតជាមួយគ្នា ជាផ្លូវការឡើងវិញ បន្ទាប់ពីកូនប្រទេសដីកោះនៅឯតំបន់ប៉ាស៉ីហ្វិកមួយនេះ ស្រាប់តែបានប្រកាសភ្លាមៗ នូវការសម្រេចចិត្តកាត់ផ្តាច់ទំនាកទំនងជាមួយតៃវ៉ាន់ ដែលជាដែនកោះត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។
ក្នុងពិធីមួយដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi និងសមភាគីណូរូរបស់លោក គឺលោក Lionel Aingimea បានចុះហត្ថលេខាជាផ្លូវការលើឯកសារ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយចំណងទាក់ទងក្នុងកម្រិតឯកអគ្គរដ្ឋទូត គឺត្រូវបន្តឡើងវិញភ្លាមៗតែម្តង។ ពីមុនមក ណូរូធ្លាប់ទទួលស្គាល់ចិន កាលពីចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ២០០៥។ យោងតាមឯកសារនោះ ណូរូទទួលស្គាល់ថា មានប្រទេសចិនតែមួយគត់នៅលើពិភពលោក ដែលស្ថិតក្រោមអភិបាលកិច្ច របស់សាធារណរដ្ឋប្រជាមានិតចិន ហើយកោះតៃវ៉ាន់គឺជាផ្នែកមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។
គួរបញ្ជាក់ថា តៃវ៉ាន់បានរបូតណូរូជាសម្ព័ន្ធមិត្ត ទៅក្នុងដៃចិន កាលពីថ្ងៃទី១៥ ខែមករា ពោលគឺត្រឹម២ថ្ងៃប៉ុណ្ណោះ ក្រោយប្រជាជនតៃវ៉ាន់ បោះឆ្នោតជ្រើសរើសបានមេដឹកនាំថ្មី។ ប្រការនេះធ្វើឱ្យតៃវ៉ាន់ឥឡូវ នៅសល់សម្ព័ន្ធមិត្តការទូតតែចំនួន១២ប៉ុណ្ណោះ រួមមានក្វាតេម៉ាឡា ប៉ារ៉ាហ្កាយ ហៃទី បេលី អេស្វាទីនី បុរីវ៉ាទីកង់ ព្រមទាំងប្រទេសដីកោះតូចៗមួយចំនួនទៀត នៅតំបន់សមុទ្រការីបង់ និងមហាសមុទ្រប៉ាស៉ីហ្វិក៕
រូបភាពពី Reuters