(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានស្នើទៅកាន់ចិនឲ្យប្រាប់អ៉ីរ៉ង់ ជួយទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ូទី ដែលកំពុងវាយប្រហារលើ កប៉ាល់ពាណិជ្ជកម្ម នៅឯតំបន់សមុទ្រក្រហម ប៉ុន្តែមានសញ្ញាវិជ្ជមានតិចតួចពីទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ ២០២៤ ដោយដកស្រង់ពីកាសែត Financial Times។

Financial Times បានរាយការណ៍ដោយផ្អែកលើប្រភពពីក្រុមមន្រ្តីអាមេរិកថា សហរដ្ឋអាមេរិកបានលើកបញ្ហានេះម្តងហើយម្តងទៀត ជាមួយមន្ត្រីកំពូលៗរបស់ចិនក្នុងរយៈពេល ៣ខែកន្លងមកនេះ។ ទីប្រឹក្សាសន្តិសុខរបស់សេតវិមាន លោក Jake Sullivan និងអនុប្រធានរបស់លោក គឺលោក Jon Finer បានពិភាក្សាអំពីបញ្ហានេះ ក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៉ីនតោន ជាមួយប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនិស្តចិន លោក Liu Jianchao នៅក្នុងខែមករានេះ។ ក្រៅពីនេះរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ក៏បានលើកឡើងនូវបញ្ហានេះជាមួយសមភាគីចិន ផងដែរ។ ក្រុមមន្រ្តីអាមេរិកជឿថា មានភ័ស្តុតាងតិចតួចដែលថាចិនបានដាក់សម្ពាធណាមួយលើអ៉ីរ៉ង់ ដើម្បីទប់ស្កាត់ក្រុមហ៊ូទី លើសពីសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈស្រាល របស់ទីក្រុងប៉េកាំងដែលបានចេញកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ក្រោមហេតុផលដើម្បីបង្ហាញសាមគ្គីភាពចំពោះប៉ាឡេស្ទីន ក្រុមហ៊ូទីដែលត្រូវបានគេជឿថាមានអ៉ឺរ៉ង់ជាខ្នងបង្អែក កំពុងធ្វើការវាយប្រហារនៅសមុទ្រក្រហមប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្ម នាំឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាត់វិធានការឆ្លើយតបជាបន្តបន្ទាប់។ ការវាយប្រហារបានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កការព្រួយបារម្ភយ៉ាងខ្លាំងថាសង្រ្គាមអ៉ីស្រាអែល- ហាម៉ាសអាចធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា៕

រូបភាពពី Reuters