(សិង្ហបុរី)៖ ប៉ូលិសនៃប្រទេសសិង្ហបុរីបានឱ្យដឹងថា មនុស្សសរុបជាង៦,៣០០នាក់ បានក្លាយជាជនរងគ្រោះក្នុងសកម្មភាពឆបោក ហៅថា «មិត្តក្លែងក្លាយ» កាលពីឆ្នាំ២០២៣ ហើយបើគិតជារួមអ្នកទាំងនោះ បានចាញ់បោកថវិកាសរុបរួមគ្នាអស់ជិត១៦លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។
ក្នុងការប្រព្រឹត្តសកម្មភាពឆបោកខាងលើ គឺពួកឧក្រិដ្ឋជនទាក់ទងទៅកាន់ជនរងគ្រោះ ហើយក្លែងបន្លំធ្វើជាមិត្តភក្តិ ឬក៏អ្នកស្គាល់គ្នា រួចស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុពីពួកគេ។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ូលិសសិង្ហបុរីបាននិយាយថា សកម្មភាពឆបោកនេះ បានធ្វើឱ្យជនរងគ្រោះទាំងអស់ បាត់បង់ថវិកាសរុបចូលគ្នា គឺចំនួន២១.១លានដុល្លារសិង្ហបុរី ដែលស្មើនឹង១៥.៧លានដុល្លារអាមេរិក កាលពីចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្នុងពេលប៉ុន្មានឆ្នាំមកនេះ សិង្ហបុរីបានមើលឃើញការកើនឡើងខ្លាំងនៃអំពើឆបោក ដោយអាជ្ញាធរ បានចេញសារព្រមានជាញឹកញាប់ ទៅកាន់សាធារណជន ឱ្យប្រុងប្រយ័ត្នអំពីមធ្យោបាយឆបោកថ្មីៗរបស់ក្រុមឧក្រិដ្ឋជន។ ក្នុងសំណុំរឿងថ្មីចុងក្រោយគេ ជនជាតិម៉ាឡេស៉ី៥នាក់ ត្រូវបានធ្វើបត្យាប័នកាលពីថ្ងៃអង្គារមកកាន់សិង្ហបុរី ជុំវិញសកម្មភាពឆបោក «មិត្តក្លែងក្លាយ» ដែលពាក់ព័ន្ធការបោកប្រាស់លុយពីជនរងគ្រោះ បានសរុបជាង១លានដុល្លារ៕
រូបភាពពី Reuters