(សេអ៊ូល)៖ កូរ៉េខាងជើងត្រូវគេរាយការណ៍ថា បានកម្ទេចចោលរូបសំណាកសំខាន់មួយ នៅក្នុងរដ្ឋធានីរបស់ខ្លួន ដែលជានិមិត្តរូបនៃគោលដៅសម្រុះសម្រួលគ្នា ជាមួយកូរ៉េខាងត្បូង ក្រោយការចេញបញ្ជាពីសំណាក់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន ដែលកាលពីសប្តាហ៍មុន បានហៅកូរ៉េខាងត្បូងថាជាសត្រូវចម្បង និងបាននិយាយថា ការបង្រួបបង្រួមគ្នា គឺលែងមានលទ្ធភាពអាចទៅរួចទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

សេចក្តីរាយការណ៍ពីសារព័ត៌មានអនឡាញ NK News មានឯកទេសខាងឃ្លាំមើលប្រទេសកូរ៉េខាងជើង បានឱ្យដឹងថា យោងតាមរូបភាព​ពីផ្កាយរណបកាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺបានបង្ហាញថា រូបសំណាកធំមួយ ដែលជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ការបង្រួបបង្រួមឧបទ្វីបកូរ៉េ​ និងត្រូវបានសាងសង់ឡើង ក្រោយកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាង មេដឹកនាំប្រទេសកូរ៉េទាំងពីរ កាលពីឆ្នាំ២០០០ គឺលែងឃើញទៀតហើយ។

ក្នុងការថ្លែងសុន្ទរកថាមួយ នៅសភាកូរ៉េខាងជើងកាលពីថ្ងៃទី១៥ ខែមករានេះ លោក គីម ជុងអ៊ុន បានហៅរូបសំណាកខាងលើ ថាជារបស់​គួរឱ្យទើសភ្នែកជាខ្លាំង ហើយក្នុងពេលនោះហើយ ដែលលោកបានចេញបញ្ជាឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីចាត់ទុកកូរ៉េខាងត្បូង ជាសត្រូវចម្បង។ មិនតែប៉ុណ្ណោះ សភាកូរ៉េខាងជើង ក៏បានរំលាយទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន ដែលក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ប្រាស្រ័យទាក់ទង ជាមួយទីក្រុងសេអ៊ូលផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន គឺលោក Yoon Suk Yeol ដែលឡើងកាន់អំណាច កាលពីឆ្នាំ២០២២ បានប្រកាន់​គោលជំហររឹងមាំ ប្រឆាំងកូរ៉េខាងជើង ដោយបានដាក់បញ្ជាឱ្យមានការឆ្លើយតបធ្ងន់ៗនិងរហ័សភ្លាមៗ ចំពោះសកម្មភាពយោធានានារបស់​កូរ៉េខាងជើង ដែលបានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ចំណែក កូរ៉េខាងជើងវិញ បានប្តេជ្ញាកម្ទេចកូរ៉េខាងត្បូង ប្រសិនបើខ្លួនទទួលរង ​ការវាយប្រហារពីកូរ៉េខាងត្បូងឬសហរដ្ឋអាមេរិក។ កាលពីចុងឆ្នាំមុន ទីក្រុងព្យុងយ៉ាងបានប្រកាសលុបចោល កិច្ចព្រមព្រៀងសំខាន់មួយ ដែលត្រូវបានចុះហត្ថលេខាជាមួយទីក្រុងសេអ៊ូល កាលពីឆ្នាំ២០១៨ ក្រោមគោលដៅបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា៕

រូបភាពពី Reuters