(តៃប៉ិ)៖ នៅថ្ងៃពុធនេះ សមាជិកសភាអាមេរិក២រូប បានធ្វើដំណើរទៅដល់ទីក្រុងតៃប៉ិ ដើម្បីបង្ហាញការបន្តគាំទ្រ បន្ទាប់ពីដែនកោះនេះ ទើបតែបានរៀបចំ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

វាគឺជាដំណើរទស្សនកិច្ចលើកទី២ទៅកាន់តៃវ៉ាន់ ធ្វើឡើងដោយក្រុមមន្រ្តីអាមេរិក នៅក្នុងខែមករានេះ។ ការបំពេញទស្សនកិច្ចរបស់ សមាជិកសភាអាមេរិកទាំងពីររូប គឺលោក Ami Bera ​ដែលមកពីគណបក្សប្រជាធិបតេយ្យ និងលោក Mario Diaz-Balart ដែលមកពីបក្សសាធារណរដ្ឋ ត្រូវបានអះអាងថា មានគោលដៅបញ្ជាក់អំពី ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ ក្រោយការប្រព្រឹត្តទៅដោយជោគជ័យ នៃការបោះឆ្នោតតាមលទ្ធិ​ប្រជាធិបតេយ្យ និងដើម្បីស្វែងរកឱកាសពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ចនិងការពារជាតិ រវាងភាគីទាំងពីរ។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករានេះ គឺលោក Lai Ching-te ដែលមកពីបក្សកាន់អំណាចបច្ចុប្បន្ន ជាអ្នកបានទទួលជ័យជម្នះ ខណៈរូបលោកត្រូវចិនចាត់ទុកជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋ។ មុនការបោះឆ្នោត ទីក្រុងប៉េកាំងបានព្រមានថា បើលោក Lai ឈ្នះ នោះនឹងនាំមកនូវសង្រ្គាមក៏ដូចជាឱនភាព ដល់កោះតៃវ៉ាន់មិនខាន។ ទោះបីមានរដ្ឋាភិបាល កងទ័ព និងរូបិយបណ្ណផ្ទាល់ខ្លួនក្តី តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយចិនបានប្តេជ្ញាថា​ នឹងបង្រួបបង្រួមគ្នាវិញ ជាមួយតៃវ៉ាន់នៅថ្ងៃណាមួយ ទោះត្រូវប្រើប្រាស់កម្លាំងយោធាក៏ដោយ៕

រូបភាពពី Reuters