(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសគ្រាប់ប៉ុន្មានគ្រាប់ ឆ្ពោះទៅដែនសមុទ្រនៅភាគខាងលិចឆ្នេរប្រទេសរបស់ខ្លួន នាថ្ងៃពុធនេះ ដែលជាសញ្ញាថ្មីមួយទៀត បង្ហាញពីភាពតានតឹងនៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៉ីលទាំងនោះ ត្រូវបានបាញ់ចេញកាលពីវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងតំបន់) ហើយសកម្មភាពនេះ កំពុងស្ថិតក្រោមការវិភាគរបស់ បណ្តាញចារកម្មកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ ការបាញ់មីស៉ីលគ្រូសរបស់កូរ៉េខាងជើងកើតមានឡើង ស្របពេលដែលអង្គភាពទ័ពពិសេសរបស់យោធាជើងទឹកកូរ៉េខាងត្បូង កំពុងចូលរួមការហ្វឹកហាត់ នៅតំបន់ឆ្នេរភាគខាងកើតក្នុងខេត្ត Gangwon ដែលជាប់ព្រំប្រទល់កូរ៉េខាងជើង សម្រាប់រយៈពេល១០ថ្ងៃ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងទើបតែបានប្រកាសអំពី ការបាញ់តេស្តមីស៉ីលល្បឿនលឿនជាងសំឡេង ដែលប្រើប្រាស់​បច្ចេកវិទ្យាឥន្ធនៈរឹង និងមានរយៈចម្ងាយមធ្យម ខណៈសកម្មភាពនោះ ត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន៕

រូបភាពពី Reuters