(អង់ការ៉ា)៖ ទីបំផុតនៅថ្ងៃអង្គារសប្តាហ៍នេះ សភារបស់ប្រទេសតួកគី បានយល់ព្រមផ្តល់សច្ចាប័នលើសមាជិកភាពរបស់ស៊ុយអែត ដើម្បីចូលជាសមាជិកអង្គការណាតូ (NATO) ហើយ ក្រោយពន្យារពេលជិត ២ឆ្នាំ ដែលនេះជាការជម្រះឧបសគ្គដ៏ធំមួយក្នុងការពង្រីកសម្ព័ន្ធភាពយោធាលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភា និងជាសមាជិកមកគណបក្ស AK កំពុងកាន់អំណាចតួកគី លោក Fuat Oktay បាននិយាយថា «យើងសូមគាំទ្រចំពោះការពង្រីកខ្លួនរបស់អង្គការណាតូ ដើម្បីកែលម្អកិច្ចខិតខំប្រឹងប្រែងការពារសម្ព័ន្ធមិត្ត ហើយយើងសង្ឃឹមថា អាកប្បកិរិយារបស់ហ្វាំងឡង់ និងស៊ុយអែត ចំពោះការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម គឺជាគំរូមួយសម្រាប់សម្ព័ន្ធមិត្តផ្សេងទៀតរបស់យើង»

រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក Tobias Billstrom ក៏បានសម្តែងការសាទរចំពោះការផ្តល់សច្ចាប័នពីសភាតួកគី ហើយថារង់ចាំការចុះហត្ថលេខាពីលោកប្រធានាធិបតី Erdogan លើឯកសារផ្តល់សច្ចាប័ននេះ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅតួកគី លោក Jeff Flake បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចរបស់សភាតួកគី ដើម្បីបើកផ្លូវឲ្យស៊ុយអែតចូលរួមក្នុងអង្គការណាតូ នៅថ្ងៃនេះ។ ការប្តេជ្ញាចិត្តរបស់តួកគីចំពោះណាតូ បានបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏យូរអង្វែងរបស់យើង»

គួរបញ្ជាក់ថា បើទោះបីជាមានការយល់ព្រមពីតួកគី ប៉ុន្តែស៊ុយអែតនៅតែត្រូវការការអនុម័តពីប្រទេសហុងគ្រីមួយទៀត ដើម្បីអាចក្លាយជាសមាជិករបស់អង្គការណាតូបាន។ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានអញ្ជើញសមភាគីស៊ុយអែតទៅធ្វើទស្សនកិច្ច និងចរចាក្នុងប្រទេសរបស់លោក ជុំវិញការចូលរួមក្នុងប្លុកនេះ។ យ៉ាងនេះក្តី សភាហុងគ្រីកំពុងស្ថិតក្នុងពេលសម្រាក រហូតដល់ពាក់កណ្តាលខែកុម្ភៈ៕

រូបភាពពី Reuters