(ព្រុចសែល)៖ អង្គការណាតូ (NATO) បានចុះហត្ថលេខាកាលពីថ្ងៃអង្គារសប្តាហ៍នេះ ទៅលើកិច្ចសន្យាជាទឹកប្រាក់ចំនួន ១.១ពាន់លានអឺរ៉ូ ឬស្មើនឹង ១.២ពាន់លានដុល្លារ សម្រាប់ទិញសំបកគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្ររាប់ពាន់គ្រាប់ ដែលមួយចំនួននឹងត្រូវផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារគាំទ្រ និងលទ្ធកម្មរបស់អង្គការណាតូ (NSPA) បានជំរុញឲ្យមានកិច្ចព្រមព្រៀងនេះ តាមនាមឲ្យសម្ព័ន្ធមិត្តជាច្រើន ដែលត្រូវបញ្ជូនសំបកគ្រាប់ទៅកាន់អ៊ុយក្រែន ឬដើម្បីប្រើប្រាស់សម្រាប់បំពេញឃ្លាំងស្តុកផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រមុខអង្គការណាតូ លោក Jens Stoltenberg បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខា នៅឯទីស្នាក់ការកណ្តាលសម្ព័ន្ធភាពយោធាលោកខាងលិច ក្នុងទីក្រុងព្រុចសែល យ៉ាងដូច្នេះថា «សង្រ្គាមនៅអ៊ុយក្រែន បានក្លាយជាសមរភូមិនៃគ្រាប់កាំភ្លើង»

មន្ត្រីមួយរូបរបស់អង្គការណាតូ បានកត់ឈ្មោះប្រទេសចូលរួមទិញ មានដូចជាបែលហ្ស៉ិក លីទុយអានី និងអេស្បាញ ដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ពីតម្លៃទាបតែមានការធានា តាមរយៈការទិញក្នុងចំនួនដ៏ច្រើន។ មន្រ្តីរូបនេះបានប្រាប់ Reuters ថាកិច្ចសន្យានេះទំនងជានឹងផ្តល់សំបកគ្រាប់កាំភ្លើងធំប្រហែល ២២០,០០០គ្រាប់ ជាមួយការរំពឹងទុកថានឹងមានចែកចាយលើកដំបូងនៅចុងឆ្នាំ ២០២៥។

គួរបញ្ជាក់ថា ចាប់តាំងពីអង្គការណាតូ ផ្តួចផ្តើមកម្មវិធីដើម្បីដោះស្រាយការខ្វះខាតឃ្លាំងស្តុកយោធារបស់សម្ព័ន្ធមិត្ត កាលពីខែកក្កដា ឆ្នាំ ២០២៣ NSPA បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១០ពាន់លានដុល្លារអាមេរិក ក្នុងនោះរួមមានកាំភ្លើងធំ គ្រាប់សម្រាប់រថក្រោះ និងប្រព័ន្ធការពារដែនអាកាស Patriot។

នៅក្នុងកិច្ចប្រជុំមួយនាខែកុម្ភៈ ខាងមុខ បណ្តារដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ គ្រោងនឹងពិភាក្សារកវិធីផ្សេងទៀត ដើម្បីបង្កើនផលិតកម្មឧស្សាហកម្ម ដែលប្រមុខ NATO ចាត់ទុកជាការចាំបាច់បំផុត ដើម្បីឲ្យមានការបន្តគាំទ្រពីលោកខាងលិចសម្រាប់អ៊ុយក្រែន៕

រូបភាពពី Reuters