(ហ្សឺណែវ)៖ រុស្ស៊ីបានទទូចនៅអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះថា ខ្លួនមិនបានជម្លៀសកុមារអ៊ុយក្រែនណាម្នាក់ទៅរុស្ស៊ីដោយបង្ខំឡើយ ចាប់តាំងពីការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលវាផ្ទុយនឹងការអះអាងរបស់ក្រុងកៀវ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនអំពីការចោទប្រកាន់នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារ បានសួរទីក្រុងមូស្គូថាតើកុមារប៉ុន្មាននាក់ត្រូវបាន «ជម្លៀស» ទៅប្រទេសរុស្ស៊ី ឬទៅក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់របស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ។ ទីក្រុងកៀវបានប៉ាន់ប្រមាណថា មានកុមារអ៊ុយក្រែនរហូតដល់ ២០,០០០ នាក់ត្រូវបានជម្លៀសទៅប្រទេសរុស្ស៊ីដោយបង្ខំ។
លោក Alexei Vovchenko អនុរដ្ឋមន្ត្រីក្រសួងការងារ និងគាំពារសង្គមរបស់រុស្ស៊ី បានប្រាប់គណៈកម្មាធិការអង្គការសហប្រជាជាតិ ដូច្នេះថា «ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធរុស្ស៊ីមិនបានចូលរួម ក្នុងការនិរទេសពលរដ្ឋអ៊ុយក្រែនទៅកាន់ទឹកដីនៃសហព័ន្ធរុស្ស៊ីទេ»។
គណៈកម្មាធិការអ្នកជំនាញឯករាជ្យចំនួន ១៨រូប កំពុងពិនិត្យមើលកំណត់ត្រារបស់រុស្ស៊ី ដែលជាផ្នែកមួយនៃការត្រួតពិនិត្យជាប្រចាំ ដែលប្រទេសទាំងអស់ត្រូវឆ្លងកាត់។
លោក Vovchenko ប្រធានគណៈប្រតិភូទីក្រុងមូស្គូបានប្រាប់សវនាការថា «អ្នកស្រុកជាង ៣ លាននាក់របស់អ៊ុយក្រែន ដែលខ្លះជាកុមារបានព្រមទទួលយកទៅរស់នៅក្នុងសហព័ន្ធរុស្ស៊ីដោយស្ម័គ្រចិត្ត»។ លោកបានបន្ថែមថា «កុមារភាគច្រើនមកជាមួយសមាជិកគ្រួសារ ឬអាណាព្យាបាល។ ពួកគេត្រូវបានដាក់នៅក្នុងជម្រកបណ្តោះអាសន្ន ឬជាមួយសាច់ញាតិរបស់ពួកគេ»។ ប៉ុន្តែលោកបានកត់សម្គាល់ថា លក្ខខណ្ឌរបស់ «កុមារជាង ៥០០នាក់ផ្សេងទៀត» កំពុងត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់។
ទីក្រុងកៀវនិយាយថា រហូតមកទល់ពេលនេះមានកុមារប្រហែល ៤០០ នាក់ប៉ុណ្ណោះ ក្នុងចំណោមកុមារដែលត្រូវបានជម្លៀសដោយរុស្ស៊ី ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសវិញ។
គួរបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងខែមីនា ឆ្នាំ២០២៣ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ពាក់ព័ន្ធនឹងការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។ តុលាការអន្តរជាតិមួយនេះ ក៏បានចោទប្រកាន់ស្រដៀងគ្នានេះប្រឆាំងនឹង លោកស្រី Maria Lvova Belova ស្នងការប្រតិភូអមប្រធានាធិបតីទទួលបន្ទុកសិទ្ធិកុមារផងដែរ៕
រូបភាពពី AFP