(ហ្គាហ្សា)៖ កងទ័ពអ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារនេះថា ទាហាន ២១នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងការវាយប្រហារយ៉ាងបង្ហូរឈាមបំផុតលើកងកម្លាំងរបស់ខ្លួន ក្នុងអំឡុងសង្គ្រាមរយៈពេលបីខែប្រឆាំងនឹងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
លោក Daniel Hagari ប្រធានអ្នកនាំពាក្យយោធាបាននិយាយថា ក្រុមអ្នកបំរុងកំពុងរៀបចំគ្រឿងផ្ទុះដើម្បីកម្ទេចអគារចំនួនពីរនៅកណ្តាលហ្គាហ្សាកាលពីថ្ងៃចន្ទ នៅពេលនោះពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារដោយគ្រាប់បែកដៃទៅលើរថក្រោះនៅក្បែរនោះ។ ការបំផ្ទុះនេះបានបង្កឱ្យអគារពីរជាន់រលំសង្កត់លើទាហានដែលនៅខាងក្នុងរថក្រោះនោះ។
ចំនួនអ្នកស្លាប់ខ្ពស់នេះ ទំនងជានឹងបន្ថែមកម្លាំងជំរុញថ្មី ក្នុងការអំពាវនាវឱ្យអ៊ីស្រាអែលផ្អាកការវាយលុករបស់ខ្លួន ឬបញ្ឈប់វាទាំងស្រុង។ ចំនួនដ៏ច្រើននៃអ្នកស្លាប់ និងរបួសរបស់អ៊ីស្រាអែល ក៏ធ្លាប់បានដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យបញ្ឈប់ប្រតិបត្តិការយោធាកន្លងមកផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថានឹងបន្តទៅមុខរហូតទាល់តែអ៊ីស្រាអែល វាយកម្ទេចចលនាហាម៉ាសទាំងស្រុង និងទទួលបានការដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលកាន់តែបែកបាក់គ្នាទៅវិញទៅមកជុំវិញសំណួរថា តើខ្លួនអាចធ្វើបានឬអត់?
ក្រុមគ្រួសាររបស់ចំណាប់ខ្មាំង និងអ្នកគាំទ្ររបស់ពួកគេជាច្រើននាក់បានអំពាវនាវឱ្យអ៊ីស្រាអែល ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដោយនិយាយថាពេលវេលាជិតអស់ហើយក្នុងការនាំយកចំណាប់ខ្មាំងមកផ្ទះវិញ។ កាលពីថ្ងៃចន្ទ សាច់ញាតិចំណាប់ខ្មាំងរាប់សិបនាក់បានសម្រុកចូលប្រជុំគណៈកម្មាធិការសភា ដោយទាមទារឱ្យមានការព្រមព្រៀងដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគេ។
គួរបញ្ជាក់ថា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ១,២០០ នាក់ និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំងប្រហែល ២៥០ នាក់ផ្សេងទៀត អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវការអាស និងផ្លូវគោកលើតំបន់ហ្គាហ្សាយ៉ាងបង្ហូរឈាម ដែលបានបណ្តាលមនុស្សស្លាប់ជាង ២៥,០០០នាក់ ហើយមួយភាគបួននៃប្រជាជនក្នុងតំបន់នេះមានប្រមាណ ២.៣លាននាក់ កំពុងប្រឈមនឹងគ្រោះទុរភិក្ស និងគ្មានទីជម្រក៕
រូបភាពពី Reuters