(អង់ការ៉ា)៖ សភាតួកគីត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងអនុម័តពាក្យសុំចូលជាសមាជិកណាតូរបស់ប្រទេសស៊ុយអែតនៅថ្ងៃអង្គារ (២៣ មករា) ដែលជាការដកចេញនូវឧបសគ្គដ៏ធំបំផុត ដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

កិច្ចប្រជុំពេញអង្គរបស់សភាតួកគី ដែលបក្សកាន់អំណាចរបស់ប្រធានាធិបតី លោក Tayyip Erdogan មានសំឡេងភាគច្រើន គ្រោងនឹងបោះឆ្នោតលើពាក្យសុំរបស់ស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ក្នុងរយៈពេល ២០ ខែបន្ទាប់ពីទីក្រុង Stockholm បានស្នើសុំចូល
បន្ទាប់ពីការលុកលុយដ៏ធំរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅពេលដែលសភាផ្តល់សច្ចាប័នលើវិធានការខាងលើ លោក Erdogan ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើច្បាប់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដែលធ្វើឱ្យប្រទេសហុងគ្រីជារដ្ឋសមាជិកតែមួយគត់ ដែលមិនទាន់យល់ព្រមចំពោះការចូលជាសមាជិករបស់ស៊ុយអែត។

គួរជម្រាបថា តួកគី និងហុងគ្រីជាប្រទេសពីរ ដែលបានរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាងសមាជិកដទៃទៀតនៃសម្ព័ន្ធមិត្តណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ខណៈពេលដែលតួកគីប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន តួកគីក៏បានរិះគន់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូផងដែរ។

ការពន្យារពេលក្នុងការទទួលបានការយល់ព្រមពីតួកគី បានធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនរបស់ទីក្រុងអង់ការ៉ា មានការខកចិត្ត ហើយទន្ទឹមគ្នានេះក៏បានបើកឱ្យតួកគីទទួលបានសម្បទានមួយចំនួនផងដែរ៕

រូបភាពពី Reuters