(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានប្រកាសថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានជួបសមភាគីមកពីអ៉ីរ៉ង់ តួកគី និងលីបង់ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃអង្គារនេះ ដោយបានពិភាក្សាគ្នាអំពីបញ្ហានៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

ជំនួបនេះធ្វើឡើងនៅក្នុងទីក្រុង New York កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយផ្តោតលើតំបន់ហ្គាហ្សា ស៉ីរី និងភាពតានតឹង នៅសមុទ្រក្រហម។ លោក Lavrov និងរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានយល់ស្របគ្នា ឲ្យមានបទឈប់បាញ់ពេញលេញ និងការបន្តផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៉ីវិល នៅតំបន់ហ្គហ្សា ហើយក៏បានសម្តែងក្តីបារម្ភផងដែរ អំពីភាពតានតឹងនៅឯតំបន់សមុទ្រក្រហម។

ក្រសួងការបរទេសរុស្ស៉ី បានប្រកាសបន្ថែមថា លោក Lavrov និងរដ្ឋមន្រ្តីការបរទេសលីបង់ លោក Abdallah Bou បានជជែកគ្នាអំពីសារសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់ប្រទេសក្នុងតំបន់ ដើម្បីឈានទៅរកបទឈប់បាញ់ ក្នុងសង្រ្គាមហ្គាហ្សា។ ដោយឡែក ជាមួយសមភាគីតួកគី លោក Hakan Fidan វិញ លោក Lavrov បានពិភាក្សាអំពីបញ្ហាថាមពល និងទំនាក់ទំនងទ្វេភាគីនាពេលអនាគត។

គួរបញ្ជាក់ថា តាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនឹងពិភាក្សាគ្នាអំពីស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមមានទាំងបញ្ហារបស់ប៉ាឡេស្ទីន៕

រូបភាពពី Reuters