(ម៉ានីល)៖ នៅថ្ងៃអង្គានេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា រដ្ឋាភិបាលហ្វីលីពីន នឹងមិនផ្តល់​កិច្ចសហការជាដាច់ខាត ចំពោះដំណើរការស៉ើបអង្កេត របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀន ដែល​មានមនុស្សស្លាប់ច្រើន កាលពីជំនាន់អតីតមេដឹកនាំហ្វីលីពីន លោក Rodrigo Duterte។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

ដោយបញ្ជាក់ពីគោលជំហរដើមរបស់លោក លោក Marcos បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំចាត់ទុកការស៉ើបអង្កេតនេះ ជាការគំរាមកំហែងមួយ ចំពោះអធិបតេយ្យជាតិរបស់យើង។ ដូច្នេះ រដ្ឋាភិបាលហ្វីលីពីននឹងមិនជួយអ្វីទាំងអស់ ក្នុងការស៉ើបអង្កេតណាមួយដែលតុលាការ ICC ធ្វើឡើង»។ កាលពីខែកក្កដា ឆ្នាំមុន ICC បានបដិសេធការជំទាស់របស់ទីក្រុងម៉ានីល ហើយអនុញ្ញាតឱ្យបន្តការស៉ើបអង្កេត ជុំវិញការសម្លាប់មនុស្សសរុបរាប់ពាន់នាក់ អំលុងសង្រ្គាមបង្រ្កាបគ្រឿងញៀន របស់អតីតប្រធានាធិបតីហ្វីលីពីនលោក Duterte ព្រមទាំងអំពើសង្ស័យរំលោភសិទ្ធិមនុស្សផ្សេងទៀត។

លោក Marcos បាននិយាយថា ក្រុមអ្នកស៉ើបអង្កេតរបស់តុលាការ ICC អាចធ្វើដំណើរមក ហើយទស្សនាប្រទេសលោក ក្នុងនាមជា​ជនសាមញ្ញទូទៅបាន ប៉ុន្តែរដ្ឋាភិបាលហ្វីលីពីន នឹងមិនសហការជាមួយឡើយ។ ការអត្ថាធិប្បាយរបស់លោក Marcos កើតមានឡើង ក្រោយសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុន របស់រដ្ឋមន្រ្តីយុត្តិធម៌ហ្វីលីពីន ដែលបានប្រាប់កាសែតជប៉ុន Kyodo News ថា រដ្ឋាភិបាលហ្វីលីពីន​អាចនឹងអនុញ្ញាតឱ្យការស៉ើបអង្កេតរបស់ ICC ប្រព្រឹត្តទៅ ប្រសិនបើនិតិវិធីច្បាប់ ត្រូវបានគោរពតាមត្រឹមត្រូវ។

គួរបញ្ជាក់ថា ហ្វីលីពីនបានដកខ្លួនជាផ្លូវការ ចេញពីតុលាការអន្តរជាតិមួយនេះ កាលពីឆ្នាំ២០១៩ បន្ទាប់លោក Duterte ដែលពេលនោះ ​នៅជាប្រធានាធិបតីហ្វីលីពីន បានចោទសួរអំពីសិទ្ធិអំណាចរបស់ ICC ក្នុងការស៉ើបអង្កេតសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក។ បើតាម​ការអះអាងរបស់ប៉ូលិសហ្វីលីពីន គឺពួកបានសម្លាប់អ្នកជួញដូរគ្រឿងញៀន៦,២០០នាក់ ដែលមិនព្រមឱ្យសមត្ថកិច្ចចាប់ខ្លួន អំលុងប្រតិបត្តិការ​បង្រ្កាបកណ្តាប់ដៃដែកនោះ។ ប៉ុន្តែក្រុមសិទ្ធិមនុស្សជឿជាក់ថា បុគ្គលរាប់ពាន់នាក់ទៀត ត្រូវបានប៉ូលិសសម្លាប់។ កាលពី​ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Marcos បាននិយាយថា លោកកំពុងពិចារណាលើលទ្ធភាព នាំហ្វីលីពីនចូលជាសមាជិក ICC ឡើងវិញ ក្រោយជាច្រើនខែមុននោះ លោកបានអះអាងថា នឹងកាត់ផ្តាច់ការទាក់ទងទាំងស្រុងជាមួយតុលាការនេះ៕

រូបភាពពី Reuters