(ស៉ីដនី)៖ នៅថ្ងៃអង្គារនេះ អូស្ត្រាលី បានប្រកាសអត្តសញ្ញាណមេខ្លោងជនជាតិរុស្ស៉ី អាយុ ៣៣ឆ្នាំម្នាក់ ថាជាអ្នកនៅពីក្រោយការវាយប្រហារតាមអ៉ីនធឺណេតដ៏ធំមួយ នាពេលកន្លងមក ហើយចោទមេ Hacker រូបនេះ ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អូស្រ្តាលី បានដាក់ការសង្ស័យជាយូរមកហើយទៅលើក្រុម Hacker រុស្ស៉ី។ ១៨ខែក្រោយការស៉ើបអង្កេត អូស្រ្តាលីបានចាត់វិធានការដ៏កម្រ នោះគឺការបង្ហាញជាសាធារណៈនូវអ្នកទទួលខុសត្រូវ ហើយជាជនជាតិរុស្ស៉ីឈ្មោះ Aleksandr Gennadievich Ermakov និង ត្រូវរងទណ្ឌកម្ម ពីការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។

រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោកស្រី Clare O'Neil បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «នេះគឺជាលើកដំបូងដែលរដ្ឋាភិបាលអូស្រ្តាលី បង្ហាញអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា រួមទាំងការដាក់ទណ្ឌកម្ម ហើយវាមិនមែនជាករណីចុងក្រោយទេ។ ក្រុម Hacker ទាំងនេះលាក់ខ្លួនក្រោយបច្ចេកវិទ្យា ហើយសព្វថ្ងៃនេះ រដ្ឋាភិបាលអូស្ត្រាលីកំពុងយកចិត្តទុកដាក់ចិត្ត។ យើងនឹងបង្ហាញឲ្យឃើញនូវអ្នកទទួលខុសត្រូវ»។

គួរបញ្ជាក់ថា ក្រុម Hacker បានលួចចូលប្រព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជនរបស់អូស្ត្រាលី Medibank កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ដោយយកបាននូវកំណត់ត្រាវេជ្ជសាស្រ្តសម្ងាត់ៗ ហើយធ្វើឲ្យបែកធ្លាយនៅលើបណ្តាញ dark web ថែមទៀត។ ក្នុងចំណោមអតិថិជន ៩.៧លាននាក់ដែលជាប់ក្នុងការវាយប្រហារតាមអ៉ីនធឺណិតនោះ ក៏មាននាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ផងដែរ៕