(កង់បេរ៉ា)៖ អាជ្ញាធរឧតុនិយមនៃប្រទេសអូស្រ្តាលី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រព័ន្ធអាកាសធាតុមួយនៅឯសមុទ្រ Coral ទំនងជានឹងវិវត្តទៅជាព្យុះស៉ីក្លូន ហើយបោកបក់មកលើភាគឦសានអូស្រ្តាលីក្នុងសប្តាហ៍នេះ ពោលគឺរយៈពេលមួយខែ បន្ទាប់ពីព្យុះស៉ីក្លូនមួយទៀត ឈ្មោះថា Jasper បានបង្កការបំផ្លិចបំផ្លាញ នៅពាសពេញតំបន់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។
ទីភ្នាក់ងារឧតុនិយមអូស្រ្តាលី បានប្រកាសថា ប្រព័ន្ធអាកាសធាតុខាងលើ ដែលស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រ ពីឆ្នេររដ្ឋ Queensland អាចនឹងកើនថាមពលក្លាយទៅជា ព្យុះស៉ីក្លូនកម្រិត៣ ដែលនៅក្រោមកម្រិតគ្រោះថ្នាក់បំផុត២លេខ ហើយនាំមកនូវការធ្លាក់ភ្លៀងខ្លាំង និងគ្រោះទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។ បើតាមទីភ្នាក់ងារដដែល វាទំនងនឹងក្លាយជាព្យុះស៉ីក្លូន នៅយប់ថ្ងៃអង្គារនេះ ឬមួយអំលុងថ្ងៃពុធសប្តាហ៍នេះ ហើយប្រហែលមកដល់ឆ្នេរអូស្រ្តាលី នៅខ្ទង់ថ្ងៃព្រហស្បតិ៍ឬក៏ថ្ងៃសុក្រ។
គួរបញ្ជាក់ថា ព្យុះខាងលើអាចនឹងចុះខ្សោយថាមពលទៅវិញ ក្រោយវាបោកបក់មកដល់ដីគោក ប៉ុន្តែតំបន់មួយចំនួននៅប្រទេសអូស្រ្តាលី ត្រូវបានព្យាករថា នឹងនៅបន្តទទួលរងភ្លៀងធ្លាក់ខ្លាំង នាអំលុងចុងសប្តាហ៍នេះ ហើយឆ្លងដល់ដើមសប្តាហ៍ក្រោយ។ ចំណែកកាលពីខែធ្នូ ឆ្នាំមុនវិញ ព្យុះស៉ីក្លូនឈ្មោះ Jasper បានបន្សល់ទុកនូវស្លាមស្នាមនៃការបំផ្លិចបំផ្លាញ នៅពេញតំបន់ភាគខាងជើងនៃរដ្ឋ Queensland ដោយបានបង្ខំឱ្យប្រជាជនជាច្រើននាក់ ត្រូវជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកាត់ផ្តាច់តំណភ្ជាប់រវាងទីក្រុង៕
រូបភាពពី Reuters