(ការ៉ាកាស)៖ ការិយាល័យរដ្ឋអាជ្ញានៅវ៉េណេស៊ុយអេឡា បានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អាជ្ញាធរប្រទេសអាមេរិកឡាទីនមួយនេះ បានចាប់ខ្លួនមនុស្សសរុប៣២នាក់ ដែលរួមមានទាំងជនស៉ីវិលនិងទាហាន ក្រោយការស៉ើបអង្កេតអស់រយៈពេលជាច្រើនខែ ពាក់ព័ន្ធទៅនឹង​អ្វីដែលទីក្រុងការ៉ាកាសហៅថា ជាគម្រោងគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

អគ្គរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា លោក Tarek William Saab បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនសង្ស័យទាំងអស់បានឆ្លើយសារភាព និងលាតត្រដាងព័ត៌មាន អំពីផែនការរបស់ពួកគេ។ បើតាមលោក Saab ពួកគេទាំងនោះរងការចោទប្រកាន់ពីបទក្បត់ជាតិ ហើយដីកាចាប់ខ្លួន ក៏ត្រូវបានចេញសម្រាប់បុគ្គល១១នាក់ផ្សេងទៀត រួមមានទាំងសកម្មជនសិទ្ធិមនុស្ស អ្នកកាសែត ទាហាន ដែលកំពុងរស់នៅនិរទេសខ្លួន សម្រាប់ផែនការ ដែលមានគោលដៅលើ រដ្ឋមន្រ្តីការពារជាតិ លោក Vladimir Padrino ផងដែរ។

គួរបញ្ជាក់ថា បើតាមលោក Padrino ប្រតិបត្តិការស៉ើបអង្កេតបានចាប់ផ្តើមតាំងតែពីឆ្នាំមុនម៉្លេះ ប៉ុន្តែត្រូវបានរក្សាជាសម្ងាត់ ព្រោះវាគាប់ជួបពេល​ជាមួយ កិច្ចចរចារវាងលោក Maduro និងសហរដ្ឋអាមេរិក ដែលឈានដល់សម្រេចបាន ការដោះដូរអ្នកទោសគ្នា។ លោកប្រធានាធីបតីវ៉េណេស៊ុយអេឡា បានទាមទារឱ្យមានការដាក់ទោសជាអតិបរមា ចំពោះជនសង្ស័យដែលត្រូវបានចាប់ខ្លួនទាំងនោះ៕

រូបភាពពី AFP