(ម៉ិកស៉ិកូស៉ីធី)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសម៉ិកស៉ិកបាននិយាយថា សព្វាវុធរបស់យោធាអាមេរិក ត្រូវបានប្រទះឃើញសញ្ញាកំពុងនាំចូលមកក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ហើយម៉ិកស៉ិកបានបន្ទោសថា ការរត់ពន្ធអាវុធពីសហរដ្ឋអាមេរិក គឺជាកត្តាដែលដុតបញ្ឆេះ អំពើហិង្សាពាក់ព័ន្ធក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការបរទេសម៉ិកស៉ិក លោកស្រី Alicia Barcena បានឱ្យដឹងថា ក្រសួងការពារជាតិម៉ិកស៉ិក បានជូនដំណឹងទៅកាន់ទីក្រុងវ៉ាស៉ីនតោន អំពីការហូរចូលនៃសព្វាវុធ ដែលបើតាមផ្លូវការ គឺសម្រាប់ប្រើប្រាស់ផ្តាច់មុខដោយយោធាអាមេរិកប៉ុណ្ណោះ។ លោកស្រីបានសង្កត់ធ្ងន់ថា វាគឺជារឿងបន្ទាន់ខ្លាំង ក្នុងការស៉ើបអង្កេតបញ្ហានេះឱ្យបានល្អិតល្អន់។ ការរត់ពន្ធអាវុធ គឺជាបញ្ហាមួយដែលត្រូវបានជជែករវាងប្រទេសទាំងពីរ នៅឯទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ អំលុងទស្សនកិច្ចធ្វើឡើងដោយលោកស្រី Barcena និងក្រុមមន្រ្តីជាន់ខ្ពស់ម៉ិកស៉ិកដទៃទៀត។
ជាយូរមកហើយ ម៉ិកស៉ិកបានចោទប្រកាន់សហរដ្ឋអាមេរិក និងច្បាប់គ្រប់គ្រងកាំភ្លើងដ៏ធូររលង់របស់ប្រទេសជិតខាងមួយនេះ សម្រាប់ការហូរចូលនៃអាវុធទៅដល់ ដៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងប្រទេសរបស់ខ្លួន។ រដ្ឋាភិបាលម៉ិកស៉ិក ធ្លាប់បានដាក់ពាក្យបណ្តឹងចំនួន២លើក ទៅកាន់តុលាការនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងឧស្សាហកម្មអាវុធរបស់អាមេរិក។ កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំម៉ិកស៉ិក លោក Ken Salazar បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការកាត់បន្ថយលំហូរនៃសព្វាវុធពីអាមេរិកទៅកាន់ម៉ិកស៉ិក គឺជាអាទិភាពមួយសម្រាប់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរម៉ិកស៉ិក អាវុធប្រមាណជាងកន្លះលានដើម ដែលរត់ពន្ធចូលទៅកាន់ប្រទេសអាមេរិកឡាទីនមួយនេះ គឺមានប្រភពមកពីសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ម៉ិកស៉ិកមានច្បាប់យ៉ាងតឹងរ៉ឹងក្នុងការលក់អាវុធ ជាហេតុធ្វើឱ្យការទិញអាវុធស្របច្បាប់ គឺជារឿងពិបាកខ្លាំង ប៉ុន្តែទោះជាបែបនេះក៏ដោយ អំពើហិង្សាផ្ទុះអាវុធ ពាក់ព័ន្ធក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅតែបន្តមានពាសពេញប្រទេស។ សរុបមកទល់ពេលនេះ មានករណីឃាតកម្មសរុបជាង៤២០,០០០ករណី គិតចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែលរដ្ឋាភិបាលម៉ិកស៉ិក បានចាប់ផ្តើមដាក់ពង្រាយយោធា ដើម្បីប្រយុទ្ធប្រឆាំងការរជួញដូរគ្រឿងញៀន ខណៈករណីភាគច្រើន ត្រូវបានទម្លាក់កំហុសទៅលើក្រុមឧក្រិដ្ឋជនគ្រឿងញៀន៕
រូបភាពពី AFP