(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរអិលបាក់ដី ដែលបានវាយប្រហារខេត្ត Yunnan គឺបានកើនដល់ ១១នាក់ នៅថ្ងៃអង្គារនេះ ខណៈក្រុមសង្រ្គោះកំពុងបន្តពុះពារ ទាំងក្រោមសីតុណ្ហភាពយ៉ាងត្រជាក់និងព្រិលធ្លាក់ ដើម្បីរុករកមនុស្សរាប់សិបនាក់ទៀត ដែលនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

ក្រោយកើតមានការវាយប្រហារគ្រោះរអិលបាក់ដីខាងលើ កាលពីថ្ងៃចន្ទ មនុស្សសរុបយ៉ាងហោច៤៧នាក់ មកពី១៨គ្រួសារ ត្រូវបានរាយការណ៍ភ្លាមៗថា បាត់ខ្លួន។ កាលពីរសៀលថ្ងៃដដែល មនុស្ស៨នាក់ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ ត្រូវបានរកឃើញស្លាប់ ខណៈនៅថ្ងៃអង្គារនេះ រកឃើញ​អ្នកស្លាប់៣នាក់បន្ថែមទៀត។ ចំណែក មនុស្ស២នាក់ក៏បានរងរបួស និងត្រូវបានបញ្ជូនទៅសង្រ្គោះព្យាបាល នៅឯមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះធម្មជាតិនោះ បានកើតឡើងចំភូមិ២កន្លែង ស្ថិតនៅជាយទីក្រុង Zhaotong នៃស្រុក Zhenxiong កាលពីវេលាម៉ោង៥៖៥១នាទីព្រឹក ពោលគឺមនុស្សភាគច្រើន ហាក់កំពុងស្ថិតក្នុងដំណេកនៅឡើយ។ ដោយឡែក មនុស្សជាង៥០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានជាបណ្តោះអាសន្ន៕

រូបភាពពី Reuters