(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កាណាដាបានប្រកាសពីការកំណត់បន្ទាន់មួយ លើការទទួលយកសម្រាប់និស្សិតបរទេស ក្នុងរយៈពេល ២ឆ្នាំ ហើយក៏នឹងបញ្ឈប់ការផ្តល់ប័ណ្ណការងារដល់និស្សិតក្រោយឧត្តមសិក្សាមួយចំនួនផងដែរ ខណៈកាណាដាកំពុងព្យាយាមគ្រប់គ្រងចំនួនអ្នកចំណូលថ្មី ដែលត្រូវបានគេមើលឃើញថានាំឲ្យវិបត្តិលំនៅដ្ឋានកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងអន្តោប្រវេសន៍ បានឲ្យដឹងថា ការកំណត់នេះ អាចអនុវត្តចំពោះនិស្សិតដែលទទួលបានការអនុញ្ញាតប្រមាណ ៣៦០,០០០នាក់សម្រាប់ឆ្នាំ ២០២៤ ដែលចំនួននេះបានថយចុះ ៣៥ភាគរយបើប្រៀបបធៀបនឹងឆ្នាំ ២០២៣។ បើតាមរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ លោក Marc Miller រដ្ឋាភិបាលសហព័ន្ធនឹងធ្វើការជាមួយខេត្ត ដែលគ្រប់គ្រងលើប្រព័ន្ធអប់រំដើម្បីដាក់ចេញនូវការកំណត់នេះ។

លោក Miller បានឲ្យដឹងទៀតថា ហេតុផលចម្បងដែលនាំឲ្យមានការកំណត់បែបនេះ គឺដើម្បីការពារសិស្សចូលរៀននៅមហាវិទ្យាល័យ ដែលជារឿយៗសាលាឯកជនជាដៃគូនានា បានផ្តល់សេវាកម្មមិនគ្រប់គ្រាន់ក្នុងតម្លៃខ្ពស់សម្រាប់និស្សិតបរទេស ប៉ុន្តែក៏ដើម្បីបន្ធូរបន្ថយសម្ពាធលើលំនៅដ្ឋាន និងសេវាកម្មសាធារណៈផងដែរ។

គួរបញ្ជាក់ថា កំណើនប្រជាជនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកាណាដា ដែលជំរុញដោយបញ្ហាអន្តោប្រវេសន៍បានដាក់សម្ពាធលើសេវាកម្មសាធារណៈនានា ដូចជាការថែទាំសុខភាព និងការអប់រំ ហើយនាំឲ្យផ្ទះឡើងថ្លៃ។ ក្នុងត្រីមាសទី ៣នៃឆ្នាំ ២០២៣ ចំនួនប្រជាជនបានកើនឡើងក្នុងល្បឿនលឿនបំផុត គិតក្នុងរយៈពេលជាង ៦០ឆ្នាំ ដោយមានអ្នករស់នៅមិនអចិន្ត្រៃយ៍ ភាគច្រើនជានិស្សិត កើនឡើងចំនួន ៣១២,៧៥៨នាក់៕

រូបភាពពី Reuters