(ប៉ារីស)៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការរើសអើងជាតិសាសន៍បាននិយាយថា ច្បាប់អន្តោប្រវេសន៍ដ៏ចម្រូងចម្រាសរបស់បារាំង បានរំលោភលើគោលការណ៍របស់រដ្ឋធម្មនុញ្ញបារាំងចំពោះសមភាព និងសេរីភាព ចំពេលមានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ ដែលគាំទ្រដោយសមាជិកសភាស្តាំនិយម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាត់ទុកសេចក្តីព្រាងច្បាប់នេះថា ជាផែនការដ៏សំខាន់នៃអាណត្តិទីពីររបស់ខ្លួនប៉ុន្តែវាត្រូវបានរងការអាម៉ាស់ដោយទទួលបានការគាំទ្រតិចតួចពីសមាជិកសភាមកពីគណបក្សគូប្រជែងដ៏សំខាន់របស់ខ្លួន គឺគណបក្សស្តាំនិយមជ្រុល របស់លោកស្រី Marine Le Pen ។ ហើយ​បាន​បញ្ជូនសេចក្តី​ច្បាប់​នេះ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​របស់​ប្រទេស​បារាំង ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​វា​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ឬ​យ៉ាងណា។

គណៈកម្មការនឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ (២៥ មករា) ខាងមុខនេះ។

សេចក្តីព្រាងច្បាប់នេះរួមបញ្ចូលទាំងការកំណត់កូតាជនចំណាកស្រុក បង្កើតឧបសគ្គចំពោះការបង្រួបបង្រួមគ្រួសារ និងការពន្យារពេលក្នុងការទទួលបានអត្ថប្រយោជន៍សុខុមាលភាពរបស់ជនចំណាកស្រុក ក៏ដូចជាបទប្បញ្ញត្តិដើម្បីលុបបំបាត់សញ្ជាតិពីកំណើតដោយស្វ័យប្រវត្តិ និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការនិរទេសជនមិនមែនជាជនជាតិបារាំង។

អ្នករាយការណ៍ពិសេស លោក Ashwini KP បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍តាមទូរសព្ទកាលពីចុងសប្តាហ៍កន្លងទៅដូច្នេះថា «នៅពេលយើងក្រឡេកមើលរដ្ឋធម្មនុញ្ញបារាំង ឬវិធីដែលប្រមុខរដ្ឋ ឬមនុស្សកាន់អំណាចនិយាយច្រើនអំពីសមភាព ប៉ុន្តែឥឡូវនេះវាផ្ទុយនឹងគោលនយោបាយទាំងនោះយ៉ាងខ្លាំង»

គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់នៅទូទាំងប្រទេសបារាំង បានចូលរួមក្នុងការតវ៉ាចុងក្រោយបង្អស់ប្រឆាំងនឹងច្បាប់នេះ កាលពីថ្ងៃអាទិត្យដោយបានបរិហារវាថា ជាការក្បត់នៃតម្លៃរបស់បារាំង បើទោះបីជាការបោះឆ្នោតបង្ហាញការគាំទ្រជាសាធារណៈក៏ដោយ៕

រុបភាពពី Reuters