(អ៊ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាននាសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ ជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងឡើងវិញ បន្ទាប់ពីប្រទេសជិតខាងទាំងពីរ បានធ្វើការវាយប្រហារគ្នាដោយមីស៊ីលកាលពីសប្តាហ៍មុន លើអ្វីដែលពួកគេបាននិយាយថា ធ្វើឡើងក្នុងគោលដៅវាយប្រហារក្រុមសកម្មប្រយុទ្ធ។

ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរក៏ត្រូវបានស្នើឱ្យត្រឡប់ទៅបំពេញកាតព្វកិច្ចវិញ នៅថ្ងៃទី ២៦ ខែមករាផងដែរ។

កាលពីសប្តាហ៍មុនប្រទេសប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ឱ្យចូលប្រទេសវិញ ហើយក៏មិនអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ត្រឡប់ទៅទីក្រុងអ៊ីស្លាម៉ាបាដវិញដែរ ហើយថែមទាំងបានលុបចោលរាល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្រិតខ្ពស់ទាំងអស់ទៀតផង។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា «តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស លោក Jalil Abbas Gilani រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Hossein Amir Abdullahian នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាននៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤»។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាមួយប្រាវវាងប្រទេសទាំងពីរ គឺជាសកម្មភាពបំពានឆ្លងព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនាំឲ្យមានការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ាចាប់តាំងពីសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា៕

រូបភាពពី Reuters