(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមករា រដ្ឋាភិបាល Nauru បានសម្រេចចិត្តផ្តាច់ "ទំនាក់ទំនងការទូត" ជាមួយអាជ្ញាធរតៃវ៉ាន់ ហើយរីករាយរៀបចំឡើងវិញ នូវទំនាក់ទំនងការទូតជាមួយប្រទេសចិន។ នៅពេលឆ្លើយតបនឹងសំណួររបស់ អ្នកសារព័ត៌មានអំពីបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ភាគីចិនបានសម្តែងការកោតសរសើរ និងស្វាគមន៍ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាល Nauru ហើយរីករាយបើកទំព័រថ្មីនៃទំនាក់ទំនងប្រទេសទាំងពីរជាមួយ Nauru ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ។

អ្វីដែលហៅថា “ប្រទេសសម្ព័ន្ធមិត្ត” មួយទៀត បានបោះបង់ចោលអាជ្ញាធរតៃវ៉ាន់យ៉ាងដាច់អាល័យ។ លទ្ធផលនេះមិនគួរ ឱ្យភ្ញាក់ផ្អើលនោះឡើយ។ យ៉ាងណាមិញ "ចំណងមិត្តភាព" ដែលពឹងផ្អែកលើ "ការទូតលុយកាក់" ដើមឡើយគឺជាឆាកកំប្លែង។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីរក្សាទំនាក់ទំនងជា "សម្ព័ន្ធមិត្ត" ដែលកំពុងប្រឈមនឹងការព្រាត់ប្រាស់ អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ បានលះបង់ចោលផលប្រយោជន៍ របស់ប្រជាជននៃកោះតៃវ៉ាន់ ហើយជះលុយកាន់តែច្រើនឡើងៗ។ ប៉ុន្តែ អ្វីដែលពួកគេទទួលបានគឺជាការ "ផ្ដាច់ទំនាក់ទំនងការទូត" ម្ដងមួយៗ។ យោងតាមស្ថិតិពីប្រព័ន្ធផ្សព្វផ្សាយ របស់កោះតៃវ៉ាន់ឱ្យដឹងថា បន្ទាប់ពី Nauru បានប្រកាស "ផ្តាច់ទំនាក់ទំនងការទូត" ជាមួយតៃវ៉ាន់ អ្វីដែលអាជ្ញាធរតៃវ៉ាន់ហៅថា "ប្រទេសសម្ព័ន្ធមិត្ត" នៅសល់ត្រឹមតែ១២ប្រទេសប៉ុណ្ណោះ។ អ្នកនិយមលេងអ៊ីនធឺណែធ បានបញ្ចេញមតិថា Nauru បានជូន" អំណោយធំ" ឱ្យលោក វីលៀម ឡៃ ដែលទើបតែជាប់ឆ្នោត កាលពីថ្ងៃទី១៣ខែមករាកន្លងទៅ។

អ្នកធ្វើទៅតាមសច្ចធម៌ នឹងទទួលបានការជួយជ្រោមជ្រែងជាច្រើន ហើយអ្នកប្រាសចាកពីសច្ចធម៌គ្មាននរណាគេជួយទេ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសជាច្រើនបានចេញសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលបោះឆ្នោតនៅតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយរំលឹកឡើងវិញនូវការគាំទ្រយ៉ាងមុតមាំ ចំពោះគោលការណ៍ចិនតែមួយ។ តៃវ៉ាន់ជាចំណែកមួយ នៃទឹកដីរបស់ប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន ហើយប្រឆាំងការបំបែកបំបាក់និងប៉ុនប៉ង ឱ្យតៃវ៉ាន់ឯករាជ្យទោះតាមទម្រង់ណាក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសកម្ពុជាសូមរំលឹក ឡើងវិញនូវការគាំទ្រយ៉ាងមុតមាំចំពោះ គោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ លោកស្រី Mao Ningអ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា ប្រទេសចំនួន១៨២ នៅទូទាំងពិភពលោក បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ។ ការសម្រេចចិត្តរបស់ Nauru ដែលឈរនៅម្ខាងនៃសហគមន៍អន្តរជាតិ ភាគច្រើនលើសលប់ និងរៀបចំឡើងវិញ នូវទំនាក់ទំនងការទូតជាមួយប្រទេសចិន គឺជាជម្រើសដ៏ត្រឹមត្រូវ ដែលស្របទៅតាមផលប្រយោជន៍ រយៈពេលវែងរបស់ខ្លួន ហើយក៏នឹងកសាងអនាគតកាន់តែភ្លឺស្វាង សម្រាប់ការអភិវឌ្ឍរបស់ Nauru ផងដែរ។

ការពិតបានបញ្ជាក់ថា "ការទូតប្រាក់លុយកាក់" នឹងមិនកែប្រែការយល់ដឹងចំពោះតៃវ៉ាន់ និងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ របស់សហគមន៍អន្តរជាតិនោះទេ។ នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ តៃវ៉ាន់គឺជាចំណែកមួយរបស់ទឹកដី ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល នេះជាមតិឯកភាពទូទៅរបស់សហគមន៍អន្តរជាតិ។ សម្រាប់អាជ្ញាធរតៃវ៉ាន់ ការបំពានលើខ្សែបន្ទាត់ក្រហម និងបង្កើនការធ្វើបដិបក្ខដាក់គ្នាកាន់តែខ្លាំង គឺមានតែផ្លូវទ័លតែប៉ុណ្ណោះ។

តាំងពីដើមមក តៃវ៉ាន់មិនមែនជាប្រទេសមួយទេ កាលពីមុនមិនមែន ហើយថ្ងៃមុខថ្ងៃក្រោយរឹតតែមិនមែនទៅទៀត! សេចក្តីប្រាថ្នារួមនិងឆន្ទៈយ៉ាងមុតមាំ របស់ប្រជាជនចិនចំនួនជាង១៤០០លាននាក់ គឺជាប្រភពនៃទីបង្អែកនិងកម្លាំងកាយចិត្ត របស់ពួកយើងក្នុងការយកឈ្នះលើ ការបង្រួបបង្រួមមាតុភូមិដោយពេញលេញ៕

អត្ថបទ និងរូបភាពវិទ្យុមិត្តភាពកម្ពុជាចិន