(ប៉េកាំង)៖ តាមទិន្នន័យសេដ្ឋកិច្ចជាតិចិនឆ្នាំ២០២៣ ដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៧ ខែមករា ឱ្យដឹងថា សេដ្ឋកិច្ចរបស់ចិនបាននិងកំពុងពង្រឹង និងមាននិន្នាការងើបឡើងវិញ ដែលប្រកបដោយភាពល្អប្រសើរ។

ក្នុងឆ្នាំ២០២៣កន្លងទៅនេះ សេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ និម្មាបនកម្មអន្តរជាតិបានប្រែប្រួលយ៉ាងស្មុគស្មាញ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានកើតឡើងជាញឹកញាប់។ តាមការប៉ាន់ប្រមាណ នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិឱ្យដឹងថា ល្បឿនកំណើននៃសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ គឺ៣ភាគរយ គណៈកម្មាធិការសហភាពអឺរ៉ុបបានបញ្ចុះការប៉ាន់ប្រមាណ ចំពោះល្បឿនកំណើននៃតំបន់ប្រើប្រាក់អឺរ៉ូ នៅឆ្នាំ២០២៣ដល់០,៦ភាគរយ ។ រីឯល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិន បានកាន់លំដាប់ថ្នាក់ឈានមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក។

បើមើលពីការប្រើប្រាស់អាចឃើញថា បច្ចុប្បន្ននេះ តម្រូវការសរុបលើសកលលោកមិនគ្រប់គ្រាន់ទេ ហើយទីផ្សារជាធនធានដែលខ្វះខាតបំផុត។ ដោយសាររងផលប៉ះពាល់ពីអតិផរណា និងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ថ្លៃដើមនៃជីវភាពរស់នៅនិងកម្ចីឥណទាន នៅប្រទេសជាច្រើនបានកើនឡើង ដែលបង្កផលប៉ះពាល់ដល់ការប្រើប្រាស់ ។ រីឯទំហំលក់រាយសរុបនៃផលិតផលប្រើប្រាស់ ក្នុងសង្គមរបស់ចិន នៅឆ្នាំ២០២៣បានបង្កើតកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ការចំណាយខាងការប្រើប្រាស់ បានជំរុញកំណើនទូទៅចំនួន៤,៣ភាគរយ ពោលគឺបានដើរតួនាទីជា ក្បាលម៉ាស៊ីនយ៉ាងលេចធ្លោ។

ក្រឡេកមកមើលពីការនាំចេញនាំចូលវិញ បច្ចុប្បន្ននេះ តម្រូវការសកលគឺថមថយចុះ ហើយនៅប្រទេសមួយចំនួន ការពារនិយមខាងពាណិជ្ជកម្ម បានលេចចេញជាថ្មីម្តងទៀត។ របាយការណ៍នៃកិច្ចប្រជុំស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិ បានព្យាករណ៍ថា នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនៃទំនិញសកលនឹងធ្លាក់ចុះ៧,៥ភាគរយ ។ រីឯការនាំចេញនាំចូលទំនិញរបស់ចិន មានស្ថិរភាពជាទូទៅ ដែលត្រូវគេរំពឹងថា អាចរក្សាឋានៈជា ប្រទេសពាណិជ្ជកម្មទំនិញសកលធំទីមួយ ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា។

អ្វីដែលកាន់តែសំខាន់គឺ ប្រទេសចិនមិនត្រឹមតែជា “រោងចក្រពិភពលោក”ប៉ុណ្ណោះទេ ថែមទាំងក៏ជាតំបន់ពោរពេញទៅដោយ ការច្នៃប្រឌិតថ្មីលើទូទាំងពិភពលោកផងដែរ។ នៅឆ្នាំ២០២៣ តាមរបាយការណ៍ដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានប្រកាសឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិនក្នុងសន្ទស្សន៍ច្នៃប្រឌិតសកល បានឡើងដល់ទី១២ ហើយក្នុងបណ្តុំឧស្សាហកម្មខាងច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាកំពូល១០០ លើពិភពលោក ប្រទេសចិនបានកាន់លំដាប់ទីមួយ ជាលើកដំបូង ។ គិតមកទល់ចុងឆ្នាំ២០២៣ ចិនបានក្លាយជាប្រទេសដំបូងគេបង្អស់លើ ពិភពលោកដែលមានចំនួនប៉ាតង់ច្នៃប្រឌិត មានប្រសិទ្ធភាពក្នុងស្រុកចំនួន៤លាន ។ “ផលិតកម្មរបស់ប្រទេសចិន” កំពុងពន្លឿនការរីកចម្រើននៃបច្ចេកវិទ្យា និងការលើកកម្ពស់កម្រិតឧស្សាហកម្មសកល ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មី ក្នុងសេដ្ឋកិច្ចពិភពលោក។

ដោយសារ “មានសុទិដ្ឋិនិយមចំពោះទីផ្សារចិន ផលិតកម្មរបស់ចិននិងការច្នៃប្រឌិតថ្មីរបស់ចិន” ដូច្នេះ សហគ្រាសទុនបរទេសជាច្រើន បាននាំគ្នាជ្រើសរើសប្រទេសចិន។ ពីខែមករាដល់ខែវិចិ្ឆកាឆ្នាំ២០២៣នៅប្រទេសចិន ចំនួនសហគ្រាសថ្មីដែលវិនិយោគ ដោយសហគ្រិនបរទេស បានកើនឡើង៣៦,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ។ អត្រាទទួលចំណេញ នៃការវិនិយោគផ្ទាល់ របស់សហគ្រិនបរទេសនៅប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ប្រហែលជា៩ភាគរយ ដែលស្ថិតនៅកម្រិតខ្ពស់បង្គួរលើឆាកអន្តរជាតិ។ នេះបានបង្ហាញយ៉ាងពេញលេញថា ការជ្រើសរើសទីផ្សារចិន មិនមែនជាហានិភ័យនោះទេ តែគឺជាឱកាសទៅវិញ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាសេដ្ឋកិច្ចពិភពលោកកំពុងបើកធ្វើ។ លោក Borge Brende អគ្គនាយកនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថា ក្នុងឋានៈជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសចិនអាចរួមចំណែកក្នុងការស្តារជំនឿចិត្ត រវាងប្រទេសនិងប្រទេសឡើងវិញ។ តើ “ការជឿទុកចិត្ត”ចំពោះចិនបែបនេះគឺមកពីណា?គឺមកពីភាពនឹងនរនិងនិរន្តរភាពក្នុងរយៈពេលជាយូរ នៃគោលនយោបាយរបស់ចិន មកពីការបើកទូលាយចំពោះអន្តរជាតិរបស់ចិន ដែលបានពង្រីកជាបន្តបន្ទាប់ ហើយក៏មកពីទំនើបកម្មបែបផែនចិនដែលប្រទេសចិន បាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយ និងកាលានុវត្តភាពដែលអាចចែករំលែកជាមួយពិភពលោកទាំងមូល៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន