(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ Florida របស់អាមេរិក គឺលោក Ron DeSantis ដែលពីដំបូងៗត្រូវគេមើលឃើញថា ជាគូប្រជែងដ៏លេចធ្លោមួយរូបរបស់​លោក ដូណាល់ ត្រាំ ក្នុងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអាទិត្យកន្លងទៅ បានសម្រេចចិត្តប្រកាស​បិទបញ្ចប់ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក ហើយសម្តែងការគាំទ្រចំពោះលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

ការប្រកាសដកខ្លួនរបស់លោក DeSantis ដែលធ្វើឡើងក្រោយការធ្លាក់ចុះសំឡេងគាំទ្រ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បន្សល់​ទុកឱ្យ​លោកស្រី Nikki Haley ក្លាយជាបុគ្គលតែម្នាក់គត់ប៉ុណ្ណោះ ដែលនៅបន្តជាឧបសគ្គរវាងលោក ដូណាល់ ត្រាំ ហើយនិងការតែងតាំងជា បេក្ខជនតំណាងបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃខែវិច្ឆិកា ឆ្នាំនេះ។

ក្នុងការបោះឆ្នោតបឋមបើកឆាក ដើម្បីជ្រើសរើសបេក្ខជនតំណាងបក្សសាធារណរដ្ឋ ដែលធ្វើឡើងនៅរដ្ឋ Iowa កាលពីសប្តាហ៍មុន លោក DeSantis វ័យ៤៥ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់លេខពីរ ប៉ុន្តែនៅឆ្ងាយពីក្រោយសំឡេងគាំទ្ររបស់លោក ត្រាំ ដែលមានវ័យ៧៧ឆ្នាំ។ អភិបាលរដ្ឋ Florida រូបនេះ បាននិយាយថា បើតាមការមើលឃើញរបស់លោក គឺអ្នកសាធារណរដ្ឋភាគច្រើន ហាក់ចង់ផ្តល់ឱកាសលើកទី២ សម្រាប់លោក ត្រាំ ហើយរូបលោកផ្ទាល់ នាពេលនេះក៏នឹងផ្តល់ការគាំទ្រដល់ លោកអតីតប្រធានាធិបតីអាមេរិក ផងដែរ។

ក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa លោក ត្រាំ ឈ្នះបានសំឡេងដល់ទៅ៥១ភាគរយ ដែលស្តែងឱ្យឃើញអំពីប្រជាប្រិយភាពដ៏រឹងមាំរបស់លោក នៅក្នុងបក្សសាធារណរដ្ឋ បើទោះបីជាលោកប្រឈមរឿងក្តីក្តាំងបទល្មើសព្រហ្មទណ្ឌ ជាច្រើនក៏ដោយ។ ក្នុងការបោះឆ្នោតនោះ លោក DeSantis ទទួលបានការគាំទ្រត្រឹម២១ភាគរយប៉ុណ្ណោះ ខណៈអតីតអភិបាលរដ្ឋ South Carolina លោកស្រី Haley ទទួលបានត្រឹម១៩ភាគរយ។ ក្នុង​សប្តាហ៍នេះ ការបោះឆ្នោតបឋមជាបន្ទាប់ នឹងរៀបចំឡើងនៅរដ្ឋ New Hampshire ហើយបើលោក ត្រាំ បន្តឈ្នះទៀត នោះរូបលោកនឹងត្រូវសន្និដ្ឋានថា នឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ដោយចៀសមិនផុតឡើយ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានបរាជ័យ ក្រោមដៃលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឆ្នាំ២០២០។ បើតាមការប៉ាន់ប្រមាណមើល អ្នកទាំងពីរទំនងជា នឹងត្រូវជួបតទល់គ្នាសាជាថ្មី ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំនេះ៕

រូបភាពពី AFP