(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីយោធាអាមេរិក បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២១ ខែមករា ថា ទាហាន SEAL ២នាក់ ដែលជាក្រុមទាហានធ្វើប្រតិបត្តិការពិសេស របស់កងទ័ពជើងទឹកអាមេរិក គឺត្រូវបានចាត់ទុកថាស្លាប់ហើយ បន្ទាប់ពីពួកគេទាំង២ បានបន្តបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ នៅឯតំបន់ឈូងសមុទ្រ Aden អំលុងប្រតិបត្តិការឆ្មក់បង្រ្កាបទូកមួយ ដែលផ្ទុកសព្វាវុធរបស់អ៉ីរ៉ង់ ទោះមានការខិតខំស្វែងរកយ៉ាងសកម្មក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា សមាជិកក្រុមទាហាន SEAL ទាំង២រូបនោះ ត្រូវរាយការណ៍ថា បានបាត់ខ្លួនក្រោយចូលរួមក្នុងប្រតិបត្តិការឆ្មក់បង្រ្កាប កាលពីថ្ងៃទី១១ ខែមករា លើទូកមួយគ្រឿង នៅក្បែរឆ្នេរប្រទេសសូម៉ាលី។ សហរដ្ឋអាមេរិក អេស៉្បាញ និងជប៉ុន បានបើកប្រតិបត្តិការរួមគ្នា ដើម្បីស្វែងរកទាហានទាំង២នាក់ នៅលើផ្ទៃសមុទ្រទំហំជាង ៥៤,០០០គីឡូម៉ែត្រក្រឡា។ ឥឡូវប្រតិបត្តិការនេះ ត្រូវបានប្តូរពីការផ្តោតដើម្បីជួយសង្រ្គោះ ទៅជាការផ្តោតដើម្បីស្វែងរកសាកសពវិញ។
គួរបញ្ជាក់ថា យោធាអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន ដើម្បីឆ្លើយតបចំពោះការវាយប្រហាររបស់ ក្រុមដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកនេះ ទៅលើកប៉ាល់ពាណិជ្ជកម្មនៅឯតំបន់សមុទ្រក្រហម ដែលនៅជាប់ឈូងសមុទ្រ Aden។ ពួកហ៊ូទីបានអះអាងថា សកម្មភាពរបស់ពួកគេនៅសមុទ្រក្រហម មានគោលដៅបង្ហាញការគាំទ្រដល់ជនជាតិប៉ាឡេស្ទីន ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ Gaza Strip៕