(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខ្លួនបានប្រទះឃើញបាឡុងចិនចំនួន ៦គ្រឿងថែមទៀត នៅលើច្រកសមុទ្រតៃវ៉ាន់ ក្នុងនោះ១គ្រឿងបានហោះកាត់ពីលើកោះតៃវ៉ាន់តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

ក្នុងរយៈពេលប្រមាណជា១ខែចុងក្រោយនេះ តៃវ៉ាន់បានប្រទះឃើញបាឡុងចិនជាបន្តបន្ទាប់ នៅក្បែរដែនកោះខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន់កន្លងមក បានចោទប្រកាន់ថា ចិនកំពុងតែគំរាមកំហែងដល់សុវត្ថិភាពចរាចរណ៍ផ្លូវអាកាស និងធ្វើសង្រ្គាមចិត្តសាស្រ្តមកលើប្រជាជនតៃវ៉ាន់ តាមរយៈបាឡុងទាំងនោះ ពោលគឺស្របពេលដែលតៃវ៉ាន់ជិតរៀបចំ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករា។

ក្នុងការប្រទះឃើញចុងក្រោយ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា បាឡុងចំនួន៦ទៀត បានបង្ហាញវត្តមាននៅលើ ខ្សែបន្ទាត់មេដ្យាន​នៃច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា ប៉ុន្តែមានតែ១គ្រឿងប៉ុណ្ណោះ ដែលបានហោះកាត់លើកោះតៃវ៉ាន់ នៅឯតំបន់ចុងភាគខាងត្បូង ខណៈ៥គ្រឿងបានហោះទៅខាងជើងតៃវ៉ាន់ ដោយមិនបានធ្វើដំណើរ កាត់ចំពីលើឡើយ។ បាឡុងទាំង៦ បានឆ្ពោះទៅ​ទិសខាងកើត មុនពេលមើលលែងឃើញតទៅទៀត។

គួរបញ្ជាក់ថា ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ពីមុនមកធ្លាប់បម្រើជារណាំងមិនផ្លូវការ រវាងកោះតៃវ៉ាន់និងប្រទេសចិន ប៉ុន្តែក្នុងពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ យន្តហោះយោធា ដ្រូន ហើយឥឡូវបាឡុងចិន បានហោះកាត់វាជាប្រចាំ ដែលក្លាយជារឿងធម្មតាទៅហើយ ខណៈទីក្រុងប៉េកាំង បានអះអាងថា ខ្លួនមិនទទួលស្គាល់ វត្តមាននៃបន្ទាត់មេដ្យាននោះទេ៕

រូបភាពពី Reuters