(គែរ)៖ មនុស្សប្រហែល ១,០០០នាក់មកពីតំបន់ហ្គាហ្សា បានទទួលការព្យាបាលពីនាវាចម្បាំងរបស់បារាំង ដែលឈប់សំចតលើឆ្នេរសមុទ្រនៃប្រទេសអេហ្ស៉ីប ខណៈហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងតំបន់រងគ្រោះដោយសង្រ្គាមបានដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

នាវា Dixmude ដែលផ្ទុកឧទ្ធម្ភាគចក្ររបស់បារាំង បានចូលចតនៅកំពង់ផែ El-Arish របស់អេហ្ស៉ីប ចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិចនៃតំបន់ Gaza ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣។ នាវានេះបំពាក់ដោយបន្ទប់ពេទ្យ និងមានបុគ្គលិកពេទ្យចំនួន ៧០នាក់។ លោក Alexandre Blonce ដែលជាកាពីទែនកប៉ាល់ បាននិយាយថា អ្នករងរបួសជិត ១២០នាក់ត្រូវបានបញ្ជូនទៅព្យាបាលក្នុងបន្ទប់ពេទ្យ ខណៈដែលមនុស្សរាប់រយនាក់ទៀតទទួលការពិគ្រោះជំងឺ ដែលរួមមានការពិនិត្យរបួស និងបញ្ហាផ្លូវចិត្ត ហើយនេះជាបេសកកម្មមួយមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ថា ប្រតិបត្តិការវាយលុកសងសឹងប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ពីសំណាក់កងកម្លាំងអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនច្រើនជាង ២៥,០០០នាក់ ដែលបើតាមមន្រ្តីសុខាភិបាលក្នុងតំបន់នោះថា ភាគច្រើនគឺជាជនស៉ីវិល។ អង្គការសុខភាពពិភពលោក ក៏បានឲ្យដឹងផងដែរថា ពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សាជួបការលំបាក ក្នុងការទទួលបានការថែទាំសុខភាពនៅផ្ទះ ស្របពេលដែលមានមនុស្សរាប់ម៉ឺននាក់បានរងរបួស ដោយភាគច្រើននៃមន្ទីរពេទ្យទាំង ៣៦របស់ហ្គាហ្សាលែងដំណើរការ ហើយសម្រាប់មន្ទីរពេទ្យដែលនៅសល់កំពុងដំណើរការលើសពីសមត្ថភាពរបស់ខ្លួន៕

រូបភាពពី Reuters