(កៀវ)៖ មន្ត្រីក្នុងតំបន់បានរាយការណ៍ថា ការបាញ់ផ្លោងនៅលើទីផ្សារមួយនៃក្រុង Donetsk របស់ប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
លោក Denis Pushilin ប្រធានអាជ្ញាធររុស្ស៊ីនៅទីក្រុង Donetsk បាននិយាយថា មនុស្ស ២០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារនៅជាយក្រុង Tekstirshik រួមទាំងកុមារពីរនាក់ផងដែរ។ លោកនិយាយទៀតថា គ្រាប់ផ្លោងត្រូវបានបាញ់ដោយយោធាអ៊ុយក្រែន។
ទោះយ៉ាងណា ទីក្រុងកៀវមិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនោះទេ ហើយសារព័ត៌មាន AP ក៏មិនអាចផ្ទៀងផ្ទាត់ការអះអាងដោយឯករាជ្យនោះដែរ។
លោក Pushilin បានគូសបញ្ជាក់ថា តំបន់នេះត្រូវបានទទួលរងនូវការបាញ់ផ្លោងកាំភ្លើងធំ ដែលត្រូវបានបាញ់ចេញពីទិសដៅនៃតំបន់ Kurakhove និង Krasnohorivka ទៅភាគខាងលិច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបានពណ៌នាការវាយប្រហារដែលខ្លួនបានស្តីបន្ទោសទៅលើអ៊ុយក្រែនថាជា «ការវាយប្រហារភេរវកម្ម» ដោយបានបន្ថែមថា «ការវាយប្រហារភេរវកម្មដែលធ្វើឡើងដោយរបបទីក្រុងកៀវនេះ បង្ហាញយ៉ាងច្បាស់ពីកង្វះឆន្ទៈនយោបាយក្នុងការសម្រេចបានសន្តិភាព និងដោះស្រាយជម្លោះនេះតាមរយៈមធ្យោបាយការទូត»។
នៅថ្ងៃអាទិត្យផងដែរ មន្ត្រីក្នុងតំបន់បាននិយាយថា អគ្គីភ័យបានឆាបឆេះនៅឯស្ថានីយ៍ដឹកជញ្ជូនសារធាតុគីមីមួយកន្លែង ក្នុងកំពង់ផែ Ust-Luga របស់រុស្ស៊ី បន្ទាប់ពីការផ្ទុះពីរលើក ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កំពង់ផែនេះត្រូវបានវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន បណ្តាលឱ្យធុងប្រេងផ្ទុះ។
ចំណែកឯ នៅក្នុងសមរភូមិជួរមុខ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃអាទិ្យនេះផងដែរថា កងកម្លាំងម៉ូស្គូបានកាន់កាប់ភូមិ Krokhmalin ក្នុងតំបន់ Kharkiv របស់អ៊ុយក្រែន។ ហើយកងកម្លាំងអ៊ុយក្រែនបានបញ្ជាក់ពីការកាន់កាប់នេះផងដែរ ប៉ុន្តែបានពណ៌នាវាថាជា «បាតុភូតបណ្តោះអាសន្ន» ប៉ុណ្ណោះ៕