(រីយ៉ាទ)៖ រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បែលហ្សិក លោកស្រី Caroline Gennez នៅថ្ងៃអាទិត្យសប្តាហ៍នេះបានលើកឡើងថា លោកស្រីប្តេជ្ញាគាំទ្រប្រទេស​របស់ខ្លួន​ចំពោះ សំណុំរឿងដែលបានប្តឹងដោយអាហ្វ្រិកខាងត្បូង នៅតុលាការយុត្តិធម៌អន្តរជាតិ ​ក្នុង​គោល​បំណង​បញ្ឈប់​ការ​ឈ្លានពាន​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា​។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានតួកគី Anadulo នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

លោកស្រីបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម X នៅថ្ងៃអាទិត្យ (ទី២១ មករា) នេះដូច្នេះថា «ប្រសិនបើតុលាការយុត្តិធម៌អន្តរជាតិអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា ប្រទេសរបស់យើងនឹងគាំទ្រយ៉ាងពេញទំហឹង»។

កាលពីលើកមុននៅលើវេទិកាដូចគ្នា លោកស្រីធ្លាប់បាននិយាយថា «បែលហ្ស៊ិកសូមអំពាវនាវដល់សហភាពអឺរ៉ុប និងអន្តរជាតិជំរុញឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការផ្តល់ជំនួយមនុស្សធម៌ពេញលេញ ការដោះលែងចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ ការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយរដ្ឋពីរ ដែលជាដំណោះស្រាយគន្លឹះចំពោះជម្លោះនេះ»។

រដ្ឋមន្ត្រីរូបនេះបានកត់សម្គាល់ថា ជំហររបស់បែលហ្ស៊ិកគឺជា «ជំហានក្នុងទិសដៅត្រឹមត្រូវ»។

គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ បញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមជាបន្ទាន់ ដោយនិយាយថា សកម្មភាពរបស់អ៊ីស្រាអែល «មានលក្ខណៈប្រល័យពូជសាសន៍ លើប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា»។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានរំលោភលើអនុសញ្ញាឆ្នាំ ១៩៤៨ ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ អនុសញ្ញានេះត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ក្នុងអំឡុងពេលដែលជនជាតិជ្វីហ្វជាង ៦ លាននាក់នៅអឺរ៉ុបត្រូវបានគេដឹងថា ត្រូវបានសម្លាប់ដោយរបបណាស៊ីរបស់អាដុល ហ៊ីត្លែរ នៅក្នុងប្រទេសអាល្លឺម៉ង់៕

រូបភាពពី AFP