(ញូវដេលី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលធ្លាក់នៅក្នុងខេត្ត Badakhshan ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបញ្ជាក់ថាជាមិនមែនជាយន្តហោះ​របស់ប្រទេសឥណ្ឌានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ ២០២៤។

អាជ្ញាធរអាកាសចរណ៍ស៉ីវិលរបស់ប្រទេសឥណ្ឌា បាននិយាយថា នោះយន្តហោះនេះមិនមែនជាយន្តហោះពាណិជ្ជកម្ម ឬជាយន្តហោះជួលលក្ខណៈឯកជនឥណ្ឌាទេ ហើយព័ត៌មានលម្អិតបន្ថែមគឺកំពុងស្ថិតក្នុងការរង់ចាំ។ លោក Zabihullah Amiri អ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត Badakhshan បានប្រាប់ Reuters ថាក្រុមសង្រ្គោះត្រូវបានបញ្ជូនទៅកាន់ទីតាំងនៃការធ្លាក់យន្តហោះ ប៉ុន្តែទីនោះជាតំបន់ដាច់ស្រយាលជាង ២០០គីឡូម៉ែត្រពីទីប្រជុំជននៃខេត្ត ហើយត្រូវការចំណាយពេល ១២ម៉ោងដើម្បី​ទៅ​ដល់។

កាសែតឥណ្ឌា Hindustan Times បានរាយការណ៍ថា យន្តហោះនេះ គឺជាយន្តហោះ DC-10 ចុះបញ្ជីនៅប្រទេសម៉ារ៉ុក និងបានធ្លាក់នៅតំបន់ភ្នំ Topkhana តាមបណ្តោយស្រុក Kuran-Munjan និង Zibak នៃខេត្ត Badakhshan នៃប្រទេសអាហ្វហ្គានីស្ថាន កាលយប់ថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ចំណែក មន្រ្តីតាលីបង់ ក៏បានប្រាប់ប្រព័ន្ធផ្សាយមួយទៀតរបស់ឥណ្ឌាដែរថា យន្តហោះ​ដែល​ធ្លាក់​នោះ​មាន​ដើម​កំណើតម៉ារ៉ុក។

ដោយឡែក អាជ្ញាធរអាកាសចរណ៍រុស្ស៉ីនិយាយថា យន្តហោះរុស្ស៉ីដែលមានមនុស្ស ៦នាក់នៅលើនោះ ក៏បានដានចេញពីប្រព័ន្ធបាត់រ៉ាដា នៅត្រង់ប្រទេសអាហ្វហ្គានីស្ថានកាលយប់ថ្ងៃសៅរ៍នោះដែរ ក្រោយប៉ូលិសក្នុងតំបន់របស់អាហ្វហ្គានីស្ថានទទួលបានរបាយការណ៍អំពីការធ្លាក់យន្តហោះ។ វាជាជើងហោះហើរសង្គ្រោះបន្ទាន់ដែលធ្វើដំណើរចេញពីឥណ្ឌា ឆ្លងកាត់អ៊ូសបេគីស្ថាន ឆ្ពោះមកកាន់ទីក្រុងមូស្គូ តាមរយៈយន្តហោះ Falcon 10 ផលិតដោយបារាំងក្នុងឆ្នាំ ១៩៧៨៕