(ឡុងដ៏)៖ ក្រសួងការពាជាតិអង់គ្លេស បានប្រកាសនៅថ្ងៃអាទិត្យនេះថានឹងចំណាយថវិកាចំនួន ៤០៥លានផោន ឬស្មើនឹង ៥១៤លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធមីស៉ីលដែលកងទ័ពជើងទឹកកំពុងប្រើប្រាស់សម្រាប់បាញ់ទម្លាក់យន្តហោះដ្រូន នៅលើសមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Sea Viper នឹងត្រូវបានធ្វើឲ្យប្រសើរឡើងជាមួយនិងមីស៉ីលដែលបំពាក់ក្បាលគ្រាប់ថ្មី និងកម្មវិធីដែលអាចទប់ទល់នូវការគំរាមកំហែងដោយមីស៉ីលបាលីស្ទីក។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា «នៅពេលដែលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ វាជារឿងសំខាន់ដែលយើងត្រូវសម្របខ្លួន ដើម្បីការពារចក្រភពអង់គ្លេស សម្ព័ន្ធមិត្ត និងដៃគូរបស់យើងឲ្យមានសុវត្ថិភាព។Sea Viper ជាអាវុធដែលកងទ័ពជើងទឹកអង់គ្លេសប្រើសម្រាប់បាញ់ទម្លាក់ រាល់ពេលមានការគំរាមកំហែងតាមផ្លូវអាកាសក្នុងរយៈពេលជាង ៣០ឆ្នាំមកហើយ»

គួរបញ្ជាក់ថា ក្នុងខែមករានេះ កងទ័ពជើងទឹកអាមេរិក និងចក្រភពអង់គ្លេសនៅតំបន់សមុទ្រក្រហម បានបាញ់ទម្លាក់យន្តហោះដ្រូន និងមីស៉ីលរបស់ក្រុមហ៊ូទីនៅយេម៉ែនជាបន្តបន្ទាប់ ខណៈដែលសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបាននិងកំពុងរីករាលដាលពាសពេញតំបន់៕

រូបភាពឯកសារពី Reuters