(ព្យុងយ៉ាង)៖ នៅថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបំពេញទស្សនកិច្ច មកកាន់ទីក្រុងព្យុងយ៉ាងនាពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។

ដោយដកស្រង់សម្តីរបស់មន្ត្រីក្រសួងការបរទេសម្នាក់ KCNA បានរាយការណ៍បន្ថែមថា លោក ពូទីន បានថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រាប់ការអញ្ជើញរូបលោកឲ្យទៅបំពេញទស្សនកិច្ចខណៈដែលលោកទើបនឹងបានជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅក្នុងប្រទេសរុស្ស៉ី កាលពីសប្តាហ៍មុន។ រុស្ស៉ីក៏បានអរគុណដល់កូរ៉េខាងជើងចំពោះការគាំទ្រ និងផ្តល់សាមគ្គីភាពក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយប្រទេសទាំងពីរបានសម្តែងការព្រួយបារម្ភរួមគ្នាជុំវិញសកម្មភាពដែលខ្លួនចាត់ទុកជាការបង្កហេតុពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តប្រឆាំងទៅនឹងសិទ្ធិ អធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាង ដោយយល់ព្រមសហការគ្នាក្នុងកិច្ចការតំបន់។

គួរបញ្ជាក់ថា បើតាម KCNA កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៉ីគឺនឹងស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ រួមទាំងច្បាប់អន្តរជាតិដទៃទៀត៕

រូបភាពឯកសារពី Reuters