(ប៉េកាំង)៖ «ឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ» ជាសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានផ្តល់ជាទឡ្ហីករណ៍ដល់សហគមន៍អន្តរជាតិ មានយោបល់ឯកភាពរួមគ្នាថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងប្រជាជនចិន ហើយកោះតៃវ៉ាន់គឺជាដែនដីដែលមិនអាចបំបែកបានរបស់ប្រទេសចិន។

កម្លាំងនិងសកម្មភាពទាំងឡាយណាដែលបំបែកបំបាក់ប្រទេសចិន ដើម្បីលេងឧបាយកលនយោបាយ និងបង្កើត «ចិនពីរ» ឬ «ចិនមួយ តៃវ៉ាន់មួយ» ជំរុញឲ្យមានអរិភាព និងការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រតៃវ៉ាន់ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន យ៉ាងកម្រោល ដោយធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពដែនដី ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ទ្វីប និងពិភពលោកផងដែរ។ ក្នុងន័យនេះ ទង្វើបែបនេះនឹងមិនមាននាំមកប្រយោជន៍អ្វីនោះទេ មានតែគ្រោះមហន្តរាយដល់មនុស្សជាតិ ហើយដែលសហគមន៍អន្តរជាតិ ត្រូវរួមសាមគ្គីជាធ្លុងមួយ ជាមួយចិនដើម្បីប្រឆាំងដាច់ខាត នឹងសកម្មភាពដែលគ្មានគុណតម្លៃដល់ សន្តិភាពរបស់ពិភពលោក។

ជាក់ស្តែង ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពស្ថានការណ៍នយោបា យនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់សាជាថ្មីអំពី ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ មួយវិញទៀត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ការសម្រេចចិត្តរបស់ប្រទេស Nauru ក្នុងការស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើគោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ ហើយក៏ជាការបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងប្រទេស Nauru។

«ឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ» ជាបុរេលក្ខខណ្ឌដ៏ចម្បងនៅក្នុងការគោរពតាមគោលការណ៍ច្បាប់របស់ អង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំពារអធិបតេយ្យភាព បូរណភាពទឹកដី និងគាំទ្របុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិន ស្របតាមគោលដៅប្រចាំសតវត្សរ៍ដំណាក់កាលទីពីរ ក្នុងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយជំរុញនិងលើកទឹកចិត្តដល់ប្រជាជាតិចិនរស់នៅតៃវ៉ាន់ ប្រញាប់វិលត្រឡប់ឱ្យកាន់តែឆាប់ចូលមករួមរស់ ជាមួយមាតុភូមិវិញ ដើម្បីពង្រីកល្បឿននៃការអភិវឌ្ឍប្រទេសចិន និងជំរុញល្បឿនអភិវឌ្ឍដល់បណ្តាប្រទេសនានា នៅក្នុងពិភពលោកស្របតាមតួនាទីដ៏សកម្មរបស់ប្រទេសចិន ក្នុងចរន្តនៃវឌ្ឍនភាពសេដ្ឋកិច្ចសកល។

ការវិលត្រឡប់របស់តៃវ៉ាន់ស្របតាមកម្លាំងគាំទ្រ របស់សហគមន៍អន្តរជាតិ នឹងនាំមកនូវភាពចម្រុងចម្រើន ដល់ប្រជាជាតិចិន និងសំណាងល្អដល់មនុស្សជាតិទាំងអស់ នៅក្នុងពិភពលោក ហើយជាពិសេសបង្រួញពេលា កាន់តែឆាប់ដល់ការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិនដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងអនាគត និងជោគវាសនារបស់ជនរួមឈាមរបស់ខ្លួន។

«ឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ» ជាការគូសបញ្ជាក់ដោយបន្តនូវការអនុវត្តគោលនយោបាយ «ប្រទេសមួយ របបគ្រប់គ្រងពីរ» ដើម្បីអភិបាលលើដែនដីតៃវ៉ាន់ ដូចដែនដីកោះហុងកុងនិងកោះម៉ាកាវនាពេលបច្ចុប្បន្ន ដែលកំពុងទទួលបាននូវភាពរីកចម្រើន យ៉ាងខ្លាំងក្លាផ្នែកសេដ្ឋកិច្ច ហើយប្រជាជនចិនកំពុងរស់យ៉ាងសុខដុម នៅក្នុងវិបុលភាព ព្រមទាំងកំពុងបន្តយ៉ាងសកម្មនូវឫទ្ធានុភាព នៃអរិយធម៌ដ៏ភ្លឺស្វាងជាង ៥០០០ឆ្នាំរបស់ប្រជាជាតិចិនទៀតផង។

កម្លាំងសហគមន៍អន្តរជាតិកាន់តែច្រើនលើសលុប ដែលបាននិងកំពុងទះដៃអបអរសាទរដំណើរវិលត្រឡប់ របស់តៃវ៉ាន់មកកាន់មាតុភូមិវិញ គឺជាសក្ខីភាពយ៉ាងប្រត្យក្សដែលបានរំលេចពី អំណានយ៉ាងត្រឹមត្រូវលើសច្ចធម៌ប្រវត្តិសាស្រ្ត ពីដែនដីតៃវ៉ាន់ដែលជាដែនដី មិនអាចបំបែកចេញបានឡើយពីប្រទេសចិន។ តាមរយៈមេរៀនប្រវត្តិសាស្ត្ររបស់ប្រទេសចិន និយាយដោយឡែក ប្រវត្តិសាស្រ្តសកលនិយាយរួម មនុស្សជាតិនៅក្នុងពិភពលោក នឹងមានអារម្មណ៍ដក់ជាប់យ៉ាងជ្រាលជ្រៅថា តៃវ៉ាន់ជាដែនដីមិនអាចបំបែកបានឡើយពីប្រទេសចិន ហើយការវិលចូលមករួមរស់ជាមួយមាតុភូមិវិញ ជាគំរូភាពដ៏ល្អប្រពៃនៃការរួមកម្លាំង ក្នុងនាមជាប្រជាជាតិតែមួយ ជាសាច់សារលោហិតរួមប្រវត្តិសាស្រ្ត និងជាកម្លាំងរួមជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិសំដៅថែរក្សាបានសន្តិភាពនិងការអភិវឌ្ឍ។

ជារួម ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវការស្តារភាពអស្ចារ្យឡើងវិញ របស់ប្រជាជាតិចិនដោយមិនអាចអវត្តមាន នៃការវិលត្រឡប់របស់កោះតៃវ៉ាន់មកកាន់មាតុភូមិបាន នឹងនាំក្តីសុបិនរបស់ជនជាតិចិនខិតជិតជាងមុន ក្តីរំពឹងលើគោលដៅប្រចាំសតវត្សរ៍លើកទី២។ លើសពីនេះ ឆ្នាំ២០២៤ដែលជាខួប៧៥ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រទេសទាំងអស់នៅលើពិភពលោក កំពុងត្រៀមខ្លឹមសារក្នុងលិខិតជូនពរជ័យដល់ «គោលការណ៍ចិនតែមួយ» ដើម្បីទទួលស្គាល់សច្ចភាព នៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងគោរពយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាព បូរណភាពដែនដី ឯករាជ្យភាពរបស់ប្រទេសចិន ព្រមទាំងរួមកម្លាំងជាមួយចិនបន្ថែមកម្រិតល្បឿនកាន់តែលឿន ដល់ការអភិវឌ្ឍសកលបន្ស៊ីជាមួយគំនិតផ្តួចផ្តើមទាំង៤ របស់ប្រទេសចិនស្របតាមប្រាជ្ញាចិនក្នុងកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលជាសេចក្តីប៉ងប្រាថ្នារួមរបស់មនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន