(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា នៅថ្ងៃសៅរ៍នេះ អ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាស លើទីក្រុងដាម៉ាស​នៃប្រទេសស៉ីរី ជាហេតុបណ្តាលឱ្យបាត់បង់ជីវិត ប្រធាននិងអនុប្រធានចារកម្ម របស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ប្រចាំនៅស៉ីរី រួមជាមួយ​សមាជិក ២នាក់ទៀតនៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Mehr បានរាយការណ៍ថា ប្រធាននិងអនុប្រធានចារកម្មប្រចាំស៉ីរីរបស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ព្រមទាំង​សមាជិកឆ្មាំបដិវត្តន៍អ៉ីរ៉ង់ចំនួន២នាក់ទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើតំបន់មួយក្នុងទីក្រុងដាម៉ាសរបស់ស៉ីរី។ ខាងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ផងដែរថា សមាជិក៤នាក់របស់ខ្លួនបានស្លាប់ ក្នុងការវាយប្រហារ​លើរដ្ឋធានីរបស់ស៉ីរី ហើយបានចោទថា អ៉ីស្រាអែលជាអ្នកនៅពីក្រោយការវាយប្រហារនោះ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កើតមានឡើងនៅរយៈពេល៤ថ្ងៃ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានអះអាងថា ខ្លួនបានវាយប្រហារលើ ទីស្នាក់ការចារកម្មរបស់អ៉ីស្រាអែល នៅឯទីក្រុង Arbil ដែលជារដ្ឋធានីនៃខេត្ត Kurdistan ក្នុងប្រទេសអ៉ីរ៉ាក់។ អាជ្ញាធរអ៉ីរ៉ាក់បានអះអាងថា ការវាយប្រហារនោះ បានសម្លាប់ជនស៉ីវិល៤នាក់ និងបង្កឱ្យរបួស៦នាក់ផ្សេងទៀត៕

 

រូបភាពពី AFP