(ព្រុចសែល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រមុខការទូតរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានចោទប្រកាន់អ៉ីស្រាអែលថា ជាអ្នកបង្កើតនិងផ្តល់ហិរញ្ញវត្ថុ ដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស (Hamas) ដែលអ៉ីស្រាអែលកំពុងតែធ្វើសង្រ្គាមដើម្បីកម្ទេច នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

លោក Borrell បាននិយាយថា បើតាមការយល់ឃើញរបស់លោក ដំណោះស្រាយរដ្ឋពីរមានសារសំខាន់ជាខ្លាំង ដើម្បីនាំមកនូវសន្តិសុខ។ ក៏ប៉ុន្តែអ៉ីស្រាអែល កំពុងប្រកាន់ជំហរបដិសេធចំពោះដំណោះស្រាយនេះ ហើយដើម្បីតែរារាំងវា អ៉ីស្រាអែលកន្លងមក បានឈានដល់ថ្នាក់​បង្កើតក្រុមហាម៉ាសឡើង ដោយខ្លួនឯងផ្ទាល់តែម្តង។ លោកប្រមុខការទូត EU បានបន្ថែមថា ពួកហាម៉ាស គឺធ្លាប់ត្រូវបានផ្តត់ផ្គង់ហិរញ្ញវត្ថុ ដោយរដ្ឋាភិបាលអ៉ីស្រាអែល ដើម្បីធ្វើឱ្យក្រុមហ្វាតា (Fatah) ដែលពីមុនធ្លាប់គ្រប់គ្រងតំបន់ Gaza ចុះទន់ខ្សោយ។

គួរបញ្ជាក់ថា ក្រុមហាម៉ាសត្រូវបានបង្កើតឡើង កាលពីខែធ្នូ ឆ្នាំ១៩៨៧ គឺមិនយូរប៉ុន្មានក្រោយការចាប់ផ្តើម ព្រឹត្តិការណ៍បះបោរលើកដំបូងរបស់ជនជាតិប៉ាឡេស្ទីន ឬហៅថា Palestinian intifada នៅក្នុងដែនដីប៉ាឡេស្ទីន ដែលត្រួតត្រាដោយអ៉ីស្រាអែល ក្រោមការដឹកនាំ​របស់ក្រុមសកម្មប្រយុទ្ធអ៉ីស្លាមមួយ ដែលអះអាងថា មកពីចលនា Muslim Brotherhood ក្នុងនោះរួមមានទាំង បុគ្គលដ៏មានឥទ្ធិពល គឺលោក Sheikh Ahmed Yassin ដែលជាស្ថាបនិកក្រុមហាម៉ាស។

ក្រុមហាម៉ាសត្រូវគេសម្គាល់ឃើញថា បង្កើតឡើងក្រោមគោលដៅចម្បង គឺទប់ទល់ក្រុមសកម្មប្រយុទ្ធអ៉ីស្លាមជីហាដ (Islamic Jihad) និងប្រកួតប្រជែងជាមួយអង្គការរំដោះជាតិប៉ាឡេស្ទីន (PLO) ដែលនាពេលនោះ ដឹកនាំដោយលោក Yasser Arafat។ ២០ឆ្នាំក្រោយ​មកទៀត គឺនៅខែមិថុនា ឆ្នាំ២០០៧ ក្រុមហាម៉ាសក៏បានឡើងគ្រប់គ្រងតំបន់ Gaza Strip បន្ទាប់ពីផ្ទុះសង្រ្គាមស៉ីវិលជាមួយចលនា Fatah របស់អ្នកបន្តវេនពីលោក Arafat គឺលោក Mahmoud Abbas ដែលបច្ចុប្បន្នជាប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន មានមូលដ្ឋាននៅ​ដែនដីប៉ាឡេស្ទីនមួយទៀតគឺ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល៕

រូបភាពពី AFP