(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ាគីស្ថានបានបង្ហាញឆន្ទៈចង់ធ្វើការជាមួយអ៉ីរ៉ង់ លើគ្រប់បញ្ហាទាំងអស់ ក្នុងជំនួបរវាងប្រមុខការទូតរបស់ពួកគេ ក្រោយប្រទេសទាំងពីរបានវាយប្រហារមីស៉ីលនិងដ្រូន លើមូលដ្ឋានក្រុមសកម្មប្រយុទ្ធ ចូលទឹកដីគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ាគីស្ថានបានវាយប្រហារតាមផ្លូវអាកាស ចូលទឹកដីភាគអាគ្នេយ៍របស់អ៉ីរ៉ង់ ខណៈវាគឺជាការឆ្លើយតប ​បន្ទាប់ពីអ៉ីរ៉ង់បានវាយប្រហារចូលទឹកដីរបស់ខ្លួន កាលពីថ្ងៃអង្គារ។ អ៉ីរ៉ង់បាននិយាយថា ការវាយប្រហាររបស់ប៉ាគីស្ថាន បានសម្លាប់មនុស្ស​៩នាក់​ ក្នុងនោះមានទាំងកុមារ៤នាក់ ខណៈប៉ាគីស្ថានបានឱ្យដឹងថា កុមារ២នាក់ក្នុងទឹកដីខ្លួន បានស្លាប់ក្រោមការវាយប្រហាររបស់អ៉ីរ៉ង់។ ភាគីទាំងពីរសុទ្ធតែបានអះអាងដូចគ្នាថា សកម្មភាពវាយប្រហាររបស់ពួកគេ មានគោលដៅលើក្រុមសកម្មប្រយុទ្ធ។

គួរបញ្ជាក់ថា ទោះបីប្រវត្តិទំនាក់ទំនងរវាងប៉ាគីស្ថាននិងអ៉ីរ៉ង់ មិនសូវមានស្ថិរភាពក៏ដោយ ប្រទេសជិតខាងទាំងពីរ បានឱ្យសញ្ញារួចជាស្រេច ពីបំណងចង់បន្ធូរបន្ថយភាពតានតឹងរវាងគ្នា។ សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ បានឱ្យដឹងថា លោក Jalil Abbas Jilani ដែលជាប្រមុខការទូតប៉ាគីស្ថាន បានជជែកគ្នាតាមទូរស័ព្ទ ជាមួយសមភាគីអ៉ីរ៉ង់របស់លោក គឺលោក Hossein Amirabdollahian។

យោងតាមសេចក្តីថ្លែងការណ៍ដដែល នាឱកាសនោះ លោក Jilani បានសម្តែងការត្រៀមលក្ខណៈជានិច្ច ដើម្បីធ្វើការជាមួយអ៉ីរ៉ង់លើ​គ្រប់បញ្ហាទាំងអស់ ដោយឈរលើស្មារតីនៃការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ លោក Jilani បានសង្កត់ធ្ងន់អំពី ភាពចាំបាច់នៃការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ​ លើបញ្ហាសន្តិសុខ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់វិញ ក្នុងកិច្ចសន្ទនានោះ លោក Amirabdollahian បានលើកឡើងយ៉ាងដូច្នេះថា «អធិបតេយ្យនិងបូរណភាពទឹកដីរបស់ប៉ាគីស្ថាន គឺមានសារសំខាន់ចំពោះ​ពួកយើង​ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី មានភាពចាំបាច់ជាខ្លាំង ដើម្បីលុបបំបាត់និងកម្ចាត់សំបុកភេរវករ នៅក្នុងទឹកដីប៉ាគីស្ថាន»៕

រូបភាពពី ​AFP