(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារទៅលើ មីស៉ីលប្រឆាំងនាវារបស់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន (Houthi) ចំនួន៣គ្រាប់ ដែលត្រូវបានតម្រង់ប្រុងបាញ់ឆ្ពោះមកកាន់ ភាគខាងត្បូងតំបន់សមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។
យោធាអាមេរិកបាននិយាយយ៉ាងដូច្នេះថា «កងកម្លាំងអាមេរិកបានមើលឃើញមីស៉ីលខាងលើ នៅឯតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ហើយបានសម្រេចថា ពួកវាបង្ហាញការគំរាមកំហែងភ្លាមៗតែម្តង ចំពោះកប៉ាល់ពាណិជ្ជកម្ម ក៏ដូចជានាវារបស់យោធាជើងទឹកអាមេរិក នៅក្នុងតំបន់។ ដូច្នេះហើយ កងកម្លាំងអាមេរិក ក៏បានវាយប្រហារនិងកម្ទេចមីស៉ីលទាំងនោះ ក្រោមវិធានការការពារខ្លួន»។
ការវាយប្រហាររបស់ក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក ទៅលើកប៉ាល់ពាណិជ្ជកម្ម ទាំងនៅក្នុងនិងនៅជុំវិញតំបន់សមុទ្រក្រហម អំលុងពេលជាច្រើនសប្តាហ៍មកនេះ បានប៉ះពាលដល់សន្ទុះនៃការធ្វើពាណិជ្ជកម្មរវាងទ្វីបអាស៉ីនិងអឺរ៉ុប ហើយបានបង្កើនក្តីព្រួយបារម្ភ ក្នុងចំណោមក្រុមប្រទេសមហាអំណាច អំពីលទ្ធភាពនៃការរីករាលដាលសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលកំពុងតែបន្តប្រព្រឹត្តទៅនៅតំបន់ Gaza។ ក្រុមហ៊ូទីដែលគ្រប់គ្រងទឹកដី ប្រទេសយេម៉ែនភាគច្រើន បានអះអាងថា សកម្មភាពវាយប្រហាររបស់ខ្លួន គឺដើម្បីសម្តែងការគាំទ្រដល់ជនជាតិប៉ាឡេស្ទីន នៅ Gaza។
គួរបញ្ជាក់ថា ចាប់តាំងតែពីសប្តាហ៍មុនមក សហរដ្ឋអាមេរិក បានបន្តបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅរបស់ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន ហើយក្នុងសប្តាហ៍នេះ ទើបតែបានកត់ឈ្មោះពួកហ៊ូទី ចូលក្នុងបញ្ជីក្រុមភេរវករសាជាថ្មីឡើងវិញ ក្រោយដកចេញកាលពីឆ្នាំ២០២១។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា ការវាយប្រហារតាមផ្លូវអាកាសនឹងនៅតែបន្ត បើទោះបីជារូបលោកទទួលស្គាល់ថា វាប្រហែលជាមិនអាចរារាំងការវាយប្រហាររបស់ពួកហ៊ូទី ក៏ដោយ៕