(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញានៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា មេប៉ូលិសរដ្ឋធានីសេអ៊ូល ត្រូវបានចោទប្រកាន់ជាផ្លូវការ អំពីបទធ្វេសប្រហែសក្នុងការបំពេញវិជ្ជាជីវៈការងារ ពាក់ព័ន្ធទៅនឹងហេតុការណ៍សោកនាដកម្ម កាលពីថ្ងៃបុណ្យ Halloween ឆ្នាំ២០២២ ដែលបានផ្តាច់ជីវិតមនុស្សសរុបជិត១៦០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះ របស់ការិយាល័យរដ្ឋអាជ្ញានៃទីក្រុងសេអ៊ូល បានឱ្យដឹងថា មេប៉ូលិសប្រចាំទីក្រុងសេអ៊ូល លោក Kim Kwang-ho ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស ក្នុងការបំពេញវិជ្ជាជីវៈការងារ រហូតបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស។ សេចក្តីថ្លែងការណ៍បានបន្តថា ក្នុងនាមជាមេប៉ូលិសប្រចាំរដ្ឋធានីកូរ៉េខាងត្បូង លោក Kim មិនបានចាត់វិធានការចាំបាច់នោះឡើយ ដូចជាដាក់ពង្រាយ​កងកម្លាំងប៉ូលិសឱ្យគ្រប់គ្រាន់ និងធានាឱ្យមានការបញ្ជានិងត្រួតពិនិត្យត្រឹមត្រូវ ជាដើម នៅថ្ងៃកើតហេតុ បើទោះបីជាលោកអាចប៉ាន់ស្មាន​ដឹង អំពីលទ្ធភាពនៃគ្រោះថ្នាក់ ដែលអាចកើតចេញពីចំនួនមនុស្សយ៉ាងច្រើនកកកុញ ក៏ដោយ។

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មនុស្សដល់ខ្ទង់ម៉ឺននាក់ ភាគច្រើនមានវ័យចន្លោះ២០ទៅ៣០ឆ្នាំ បាននាំគ្នាចូលរួមដើរលេងកម្សាន្ត​ថ្ងៃបុណ្យ Halloween ដែលជាការប្រារព្ធឡើងលើកដំបូង ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ នៅឯតំបន់ដ៏ពេញនិយមពេលរាត្រីគឺ Itaewon ក្នុងទីក្រុងសេអ៊ូល។ យ៉ាងណាក្តី យប់នោះបានក្លាយទៅជារឿងសោកនាដកម្មដ៏អាក្រក់មួយ នៅពេលដែលមនុស្សម្នាបានប្រមូលផ្តុំប្រជ្រៀតគ្នាណែនតាន់តាប់ នៅច្រកផ្លូវចំណោតតូចមួយ ហើយបូករួមជាមួយការខ្វះចំណាត់ការគ្រប់គ្រងហ្វូងមនុស្ស ដែលមានប្រសិទ្ធិភាពទៀតនោះ ក៏បានបណ្តាលឱ្យមនុស្សសរុបជិត ១៦០នាក់ត្រូវគេសង្កត់​ដល់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត ទទួលរងរបួស។

គួរបញ្ជាក់ថា ស្របពេលដែលមេប៉ុស្តិ៍ប៉ូលិសប្រចាំសង្កាត់ Yongsan នៃទីក្រុងសេអ៊ូល ដែលទទួលខុសត្រូវលើតំបន់ Itaewon និងប្រធានសាលាសង្កាត់ Yongsan ត្រូវក្រុមរដ្ឋអាជ្ញាចោទប្រកាន់ជាផ្លូវការ នៅរយៈពេលត្រឹមតែប៉ុន្មានខែ ក្រោយហេតុការណ៍នោះ ក្រុមរដ្ឋអាជ្ញាទីក្រុងសេអ៊ូលបានស្ទាក់ស្ទើរអស់រយៈពេលជាង១ឆ្នាំ ក្នុងការសម្រេចចិត្តថា​ គួរឬមិនគួរចោទប្រកាន់លើលោក Kim។

សេចក្តីថ្លែងការណ៍ការិយាល័យរដ្ឋអាជ្ញា បាននិយាយថា លោក Kim ព្រមទាំងមេប៉ុស្តិ៍ប៉ូលិស Yongsan និងប្រធានសាលាសង្កាត់ Yongsan ដែលកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះក្តី គឺរួមគ្នាបង្កឱ្យបុគ្គលសរុប១៥៨នាក់ស្លាប់ និង៣១២នាក់ផ្សេងទៀតរងរបួស ដោយសារតែភាពធ្វេសប្រហែស ក្នុងការបំពេញវិជ្ជាជីវៈរបស់ពួកគេ។ លោក Kim ត្រូវបានចោទប្រកាន់ ដោយពុំមានបញ្ជាឱ្យឃាត់ខ្លួនទេ។

គ្រួសារជនរងគ្រោះបានបង្ហាញការសោកស្តាយ ចំពោះដំណើរការសម្រេចចិត្តដ៏វែងអន្លាយ របស់ការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ជុំវិញការចោទប្រកាន់លោក Kim ហើយពួកគេបានចេញសេចក្តីថ្លែងការណ៍ទាមទារ ឱ្យមេប៉ូលិសក្រុងសេអ៊ូលរូបនេះ ចុះចេញពីតំណែងដើម្បីប្រឈមមុខការកាត់ក្តីនៅតុលាការ ហើយបានអំពាវនាវឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បញ្ឈប់តួនាទីរបស់លោក Kim ភ្លាមៗជាបន្ទាន់៕

រូបភាពពី Reuters