(តេហេរ៉ង់)៖ អ៉ីរ៉ង់បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានទទួលជោគជ័យ ក្នុងការធ្វើសមយុទ្ធការពារដែនអាកាស ដោយប្រើប្រាស់យន្តហោះដ្រូនដែលរចនាឡើង ដើម្បីស្ទាក់គោលដៅសត្រូវ នៅក្នុងតំបន់មួយ ដែលលាតសន្ធឹងចាប់ពីឆ្នេរភាគនិរតី រហូតដល់ឆ្នេរភាគអាគ្នេយ៍ របស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ចំពោះមុខការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យយោធាអ៉ីរ៉ង់បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់បានសម្រេចជោគជ័យ ក្នុងការប្រើប្រាស់មធ្យោបាយការពារដែនអាកាសថ្មីមួយ ដោយប្រើប្រាស់យន្តហោះដ្រូនឱ្យទៅស្ទាក់ និងកម្ទេចគោលដៅសត្រូវ។ សមយុទ្ធរយៈពេល២ថ្ងៃនោះ ដែលបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ បានប្រព្រឹត្តទៅនៅតំបន់មួយ លាតសន្ធឹងចាប់ពីទីក្រុង Abadan នៅខេត្ត Khuzestan ភាគនិរតី រហូតដល់ទីក្រុង Chahbahar នៅខេត្ត Sistan-Baluchestan ដែលជាប់ព្រំប្រទល់ប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ាគីស្ថានបានបើកការវាយប្រហាតាមផ្លូវអាកាស លើក្រុមសកម្មប្រយុទ្ធស្ថិតក្នុងទឹកដីរបស់អ៉ីរ៉ង់ ដែលជាសកម្មភាពសងសឹក នៅរយៈពេល២ថ្ងៃ បន្ទាប់ពីទីក្រុងតេហេរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារលើមូលដ្ឋាន របស់ក្រុមសកម្មប្រយុទ្ធមួយទៀត ដែលស្ថិតក្នុងទឹកដីរបស់ប៉ាគីស្ថាន។
ការវាយប្រហារដាក់គ្នាទៅវិញទៅមកខាងលើ បានបង្កើនក្តីព្រួយបារម្ភបន្ថែមទៀត អំពីការរីករាលដាលនៃអស្ថិរភាពនៅមជ្ឈិមបូព៌ា គិតចាប់តាំងតែពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានផ្ទុះឡើងនៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) កាលពីថ្ងៃទី៧ ខែតុលាមក។ ក្រៅពីប៉ាគីស្ថាន អ៉ីរ៉ង់ក៏បានវាយប្រហារតាមផ្លូវអាកាស លើទឹកដីស៉ីរីប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថា ជាមូលដ្ឋានរបស់ក្រុមភេរវករ ISIS ព្រមទាំងនៅទឹកដីអ៉ីរ៉ាក់ ជាទីដែលទីក្រុងតេហេរ៉ង់អះអាងថា ខ្លួនបានវាយប្រហារចំលើមជ្ឈមណ្ឌលចារកម្មរបស់អ៉ីស្រាអែល ផងដែរ៕
រូបភាពពី Reuters