(ម៉ានីល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហ្វីលីពីននិងកាណាដា បានចុះអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលជាការសម្រេចចិត្តមួយ ប្រមុខការពារជាតិហ្វីលីពីននិយាយថា នាពេលក្រោយទៀត អាចនឹងនាំទៅរកកិច្ចព្រមព្រៀងកងទ័ព រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយក្នុងសេចក្តីថ្លែងការណ៍ យ៉ាងដូច្នេះថា «ខ្ញុំត្រេកអរដែលបានលឺថា ភាគីទាំងពីមានគោលបំណងរឹងមាំ ក្នុងការធ្វើឱ្យស៉ីជម្រៅ និងពង្រឹងទំនាក់ទំនងបន្ថែមទៀត តាមរយៈការបង្កើតសមិទ្ធផលថ្មីៗ នៅក្នុងចំណងទាក់ទងការពារជាតិរបស់ពួកយើង ដែលនៅទីបំផុតប្រហែលអាចនឹងឈានដល់ កិច្ចព្រមព្រៀងទស្សនកិច្ចកងទ័ព (VFA) តែម្តង»

លោក Teodoro មិនបានបញ្ជាក់លម្អិតអំពីទម្រង់និងរូបរាងនៃកិច្ចព្រមព្រៀង VAF ដែលអាចសម្រេចបាន ជាមួយកាណាដានោះឡើយ ប៉ុន្តែកិច្ចព្រមព្រៀង VAF ដែលទីក្រុងម៉ានីលមានស្រាប់ជាមួយសហរដ្ឋអាមេរិក គឺអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពអាមេរិករាប់ពាន់នាក់ ​ជាបណ្តោះអាសន្នចេញចូលប្រទេសហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធនិងលំហាត់យោធា។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិហ្វីលីពីន ការចុះអនុស្សារណៈខាងលើ នឹងបើកផ្លូវដល់កិច្ចសហប្រតិបត្តិការ រវាងវិស័យការពារជាតិ​នៃប្រទេសទាំងពីរ លើផ្នែកដូចជាការអប់រំយោធា ការផ្លាស់ប្តូរការបណ្តុះបណ្តាល ការចែករំលែកព័ត៌មាន ប្រតិបត្តិការរក្សាសន្តិភាព និង​ការឆ្លើយតបគ្រោះមហន្តរាយ ជាដើម។ កាណាដាដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាមេរិក ក៏បានគាំទ្រហ្វីលីពីនផងដែរ ចំពោះមុខ​ភាពតានតឹងរវាងទីក្រុងម៉ានីលនិងចិន ជុំវិញបញ្ហាវិវាទទឹកដីនៅតំបន់សមុទ្រចិនខាងត្បូង៕