(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយចិន នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មនុស្ស១៣នាក់បានបាត់បង់ជីវិត ដោយសារគ្រោះអគ្គិភ័យក្នុងអគារស្នាក់នៅ​របស់សាលារៀនមួយកន្លែង ស្ថិតក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

គ្រោះអគ្គិភ័យដែលបានកើតឡើងនៅសាលា Yingcai School ក្នុងភូមិ Yanshanpu នៃខេត្ត Henan ត្រូវបានរាយការណ៍ទៅកាន់ ទីភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំមូលដ្ឋាន កាលពីវេលាម៉ោង១១យប់ថ្ងៃសុក្រម្សិលមិញនេះ។ ក្រុមអ្នកសង្រ្គោះ បានទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័ស ហើយភ្លើងត្រូវបានពន្លត់ទៅវិញ នៅម៉ោង១១៖៣៨នាទីយប់ថ្ងៃដដែល។ ទោះជាបែបនេះក្តី មនុស្សចំនួន១៣នាក់បានស្លាប់ ហើយម្នាក់ផ្សេងទៀតបានរងរបួស ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្ថិតក្នុងស្ថានភាពនឹងនរ។

គួរបញ្ជាក់ថា ភូមិ Yanshanpu ស្ថិតនៅជាយទីក្រុង Nanyang ដែលជាទីក្រុងមានមនុស្សរស់នៅជិត ១០លាននាក់។ អាជ្ញាធរក្នុងតំបន់កំពុងបើកការស៉ើបអង្កេត ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យកើតមាន គ្រោះអគ្គិភ័យខាងលើ ខណៈមនុស្សយ៉ាងហោចម្នាក់ ដែលមាន​ជាប់ពាក់ព័ន្ធនឹងសាលារៀននោះ ត្រូវបានឃាត់ខ្លួន។ កាលពីខែវិច្ឆិកា ឆ្នាំមុន មនុស្សសរុប២៦នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយករណីភ្លើងឆេះការិយាល័យក្រុមហ៊ុនធ្យូងមួយ នៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន៕

រូបភាពពី Xinhua