(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រ (ទី១៩ មករា) នេះថា ខ្លួនបានទទួលជួបជាមួយគណៈប្រតិភូពីក្រុមហាម៉ាសប៉ាឡេស្ទីន ហើយបានជំរុញពួកគេឱ្យដោះលែងចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនដោយក្រុមនេះនៅតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងពលរដ្ឋរុស្ស៊ីបីនាក់ផងដែរ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ្នកការទូតរុស្ស៊ី លោក Mikhail Bogdanov «បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះលែងជនស៊ីវិល ដែលត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា» ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់គាត់​ ជាមួយសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Musa Abu Marzouk។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «ក្នុងអំឡុងពេលសន្ទនា ការផ្តោតសំខាន់គឺទៅលើការប្រឈមមុខគ្នាដែលកំពុងបន្តនៅក្នុងតំបន់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបបានឈានដល់សមាមាត្រមហន្តរាយ»។

របាយការណ៍បានបន្តថា «ភាគីរុស្ស៊ីសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការដោះលែងជនស៊ីវិលយ៉ាងឆាប់រហ័សដែលត្រូវបានចាប់ខ្លួន ដោយក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងការវាយឆ្មក់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រួមទាំងពលរដ្ឋរុស្ស៊ីបីនាក់ផងដែរ»៕

រូបភាពពី AFP