(ម៉ាឌ្រីដ)៖ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការទម្លាក់គ្រាប់បែក «ដោយគ្មានមេត្តា» របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ដែលបានបំផ្លិចបំផ្លាញទីក្រុង និងសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់នោះ ជាការបំពានច្បាប់អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

ការអត្ថាធិប្បាយរបស់ លោកស្រី Francesca Albanese ជាមេធាវីជនជាតិអ៊ីតាលី និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីទឹកដីប៉ាឡេស្ទីននេះ បានកើតឡើងចំពេលដែលអ៊ីស្រាអែលកំពុងប្រឈមមុខនឹងសំណុំរឿង ដែលប្តឹងឡើងដោយអាហ្វ្រិកខាងត្បូងនៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ ក្រោមបទចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍។

លោកស្រី Albanese បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងម៉ាឌ្រីដដូច្នេះថា ខណៈពេលដែលអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ច្បាប់មនុស្សធម៌អន្តរជាតិត្រូវតែគោរពផងដែរ «ដើម្បីការពារមនុស្សស្លូតត្រង់ដែលមិនបានចូលរួមក្នុងការប្រយុទ្ធ»។

លោកស្រីបានបន្ថែមថា នេះមានន័យថា អ៊ីស្រាអែលត្រូវញែកឲ្យដាច់រវាងអ្នកប្រយុទ្ធ និងជនស៊ីវិល ហើយធានាថា ការវាយប្រហារដោយយោធាត្រូវមានលក្ខណៈសមាមាត្រ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ហួសហេតុដល់ជនស៊ីវិល។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានបំផ្លិចបំផ្លាញទឹកដីប៉ាឡេស្ទីន ចាប់តាំងពីក្រុមឧទ្ទាមហាម៉ាស បានបើកការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ ដោយភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងការវាយលុកតាមផ្លូវគោក ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៤,៦២០ នាក់ ហើយប្រហែល ៧០ ភាគរយនៃពួកគេជាស្ត្រី កុមារ និងក្មេងជំទង់ នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលហ្គាហ្សា៕

រូបភាពពី AFP