(កៀវ)៖ អ៊ុយក្រែនបាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានបង្កឱ្យមានការឆេះដ៏សន្ធោសន្ធៅ នៅឃ្លាំងប្រេងមួយនៅភាគខាងលិច នៃប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ (១៩ មករា) ដែលជាការវាយប្រការចុងក្រោយបំផុត នៃការវាយប្រហារឆ្លងព្រំដែនដែលកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

វាជាការវាយប្រហារលើកទីពីរ លើឃ្លាំងស្តុកប្រេងរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយជាផ្នែកមួយនៃអ្វីដែលក្រុងកៀវពណ៌នាថា ជាការសងសឹកក្រុងម៉ូស្គូចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារនៅថ្ងៃសុក្រសប្តាហ៍នេះ បានកំណត់គោលដៅកន្លែងស្តុកប្រេង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Rosneft ស្ថិតចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ក្នុងទីក្រុង Klintsy នៃប្រទេសរុស្ស៊ី។

ប្រភពសន្តិសុខអ៊ុយក្រែនបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ប្រតិបត្តិការនេះធ្វើឡើងដោយនាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអ៊ុយក្រែន ដោយមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនោះទេ។

វីដេអូឃ្លីបបានបង្ហាញពីមីស៊ីលដ៏ធំមួយ បានទម្លុះធុងស្តុកប្រេងរបស់ឃ្លាំង ខណៈពេលដែលមានផ្សែងខ្មៅហុយពេញទីក្រុង ដែលមានប្រជាជនរស់នៅប្រហែល ៦០,០០០ នាក់។

លោក Alexander Bogomaz អភិបាលតំបន់បាននិយាយថា «ធុងប្រេងចំនួនបួនបានឆេះនៅទីក្រុង Klintsy ។ លោកបានបន្ថែមថា «សម្រាប់ហេតុផលសុវត្ថិភាព អ្នកស្រុកចំនួន ៣២ នាក់នៃវិស័យឯកជនត្រូវបានជម្លៀសជាបណ្តោះអាសន្ន ទៅកាន់សាច់ញាតិរបស់ពួកគេ»។

ទោះយ៉ាងណា លោកបានប្រកាសមុននេះថា មិនមានអ្នកស្លាប់និងរបួសនោះទេ ខណៈរថយន្តពន្លត់អគ្គីភ័យចំនួន ១៣ គ្រឿងត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើង៕

រូបភាពពី AFP