(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃសុក្រ (១៩ មករា) ថា ខ្លួនមានការសោកស្តាយចំពោះការសម្រេចចិត្តរបស់អាហ្សង់ទីន ដែលមិនចូលរួមក្នុងក្រុមប្រទេស BRICS ហើយសង្ឃឹមថា ទីក្រុង Buenos Aires នឹងពិចារណាវាឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីនថ្មី លោកស្រី Diana Mondino បាននិយាយកាលពីខែវិច្ឆិកាថា ប្រទេសរបស់លោកស្រីនឹងមិនចូលរួមជាមួយក្រុម BRICS នៃប្រទេសកំពុងអភិវឌ្ឍន៍ទេ បើទោះបីជាមានការអំពាវនាវឱ្យធ្វើដូច្នេះក៏ដោយ។ លោកស្រីបានបន្ថែមទៀតថា លោកប្រធានាធិបតី Javier Miley បានជ្រើសរើសធ្វើទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក។

នៅក្នុងការហៅទូរសព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយអំពីការសម្រេចចិត្តរបស់អាហ្សង់ទីន ដូច្នេះថា «ពិតណាស់ វាជារឿងគួរឲ្យសោកស្តាយ ប៉ុន្តែនេះជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសអាហ្សង់ទីន ហើយយើងគោរពរាល់ការសម្រេចចិត្តដែលបានធ្វើឡើងរបស់ទីក្រុង Buenos Aires»

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា «ក្នុងករណីអាហ្សង់ទីន យើងសង្ឃឹមថាយូរៗទៅ មេដឹកនាំរបស់ប្រទេសនេះ នឹងឃើញថាការវិលត្រឡប់ទៅចូលរួមជាមួយ BRICS គឺមានផលចំណេញច្រើនសម្រាប់ពួកគេ»

គួរបញ្ជាក់ថា ក្រុមប្រទេស BRICS ដែលពីមុនមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្រ្វិកខាងត្បូង កំពុងស្ថិតក្នុងដំណើរការពង្រីកខ្លួនដើម្បីទទួលយកប្រទេសដទៃជាសមាជិករបស់ខ្លួន។ បន្ថែមពីលើប្រទេសអាហ្សង់ទីន សម្ព័ន្ធនេះក៏បានយល់ព្រមកាលពីខែសីហា ដើម្បីទទួលយកប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអារ៉ាប់រួម ជាសមាជិករបស់ខ្លួនផងដែរ ក្នុងសកម្មភាពមួយក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើកំណែទម្រង់សណ្តាប់ធ្នាប់ពិភពលោក ដែលខ្លួនចាត់ទុកថាហួសសម័យ៕

រូបភាពពី Reuters